បារាំង៖ ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងអប់រំ យុវជន និងកីឡា និងប្រតិភូកីឡាកម្ពុជា ដែលទៅចូលរួមក្នុងព្រឹត្តិការណ៍អូឡាំពិក នៅប្រទេសបារាំង ត្រូវបានទទួលបដិសណ្ឋារកិច្ច ស្វាគមន៍យ៉ាងកក់ក្តៅ ពីសំណាក់ ឯកឧត្តម លុយ ដាវីត ឯកអគ្គរាជទូតកម្ពុជា ប្រចាំប្រទេសបារាំង នៅទីស្នាក់ការស្ថានទូតកម្ពុជាប្រចាំប្រទេសបារាំង នាថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២៤។
ការទទួលស្វាគមន៍ពីសំណាក់ ឯកអគ្គរាជទូតកម្ពុជា ប្រចាំប្រទេសបារាំងនេះ គឺជាកាយវិការមួយដ៏ប្រពៃ និងមានអត្ថន័យខ្លឹមសារក្នុងការលើកទឹកចិត្តដល់ក្រុមប្រតិភូកីឡាកម្ពុជារបស់យើង និងជាការផ្តល់នូវភាពកក់ក្តៅ ដែលបានបង្ហាញអំពីការយកចិត្តទុកដាក់របស់ស្ថានទូតកម្ពុជា ដែលជាអាជ្ញាធរមួយជួយសម្រួលនូវការងារស្នាក់នៅរបស់ប្រតិភូកីឡាកម្ពុជា ក្នុងអំឡុងពេលទៅចូលរួមប្រកួតក្នុងព្រឹត្តិការណ៍កីឡាអូឡាំពិករដូវក្តៅ នៅទីក្រុង ប៉ារីសប្រទេសបារាំង។
សម្រាប់ការទទួលបដិសណ្ឋារកិច្ច ចំពោះប្រតិភូកីឡាកម្ពុជា ដឹកនាំដោយ ឯកឧត្តម ហង់ជូន ណារ៉ុន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងអប់រំ យុវជន និងកីឡានេះ ឯកឧត្តម លុយ ដាវីត ឯកអគ្គរាជទូតកម្ពុជា ប្រចាំប្រទេសបារាំង ក៏បានរៀបចំពិធីជប់លៀងទទួលអាហារពេលល្ងាចដ៏វិសេសវិសាលមួយ ជាមួយ និងមន្រ្តីទូត និងប្រជាពលរដ្ឋខ្មែរ នៅប្រទេសបារាំង ដែលមកចូលរួមអបអរសាទរប្រតិភូកីឡាកម្ពុជា ផងដែរ។
ការជួបជុំនេះ ជាសក្ខីភាពមួយ ដែលបង្ហាញឱ្យឃើញអំពីការឯកភាពជាតិមួយ ក្រោមពន្លឺនៃសន្តិភាព ក្រោមការដឹកនាំ ដ៏ឆ្លាសវៃ និងប្រកបដោយថាមពល របស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា គឺបានធ្វើឱ្យវិស័យកីឡា និងថ្នាក់ដឹកនាំខ្មែរទាំងអស់ ទាំងក្នុងប្រទេស និងទាំងក្រៅប្រទេស បានសាមគ្គីភាពគ្នា រក្សាបាននូវប្រពៃណីទំនៀមទម្លាប់ ការគោរពគ្នាទៅវិញទៅមក។
សកម្មភាពស្វាគមន៍យ៉ាងកក់ក្តៅនេះហើយ គែជាអ្វីដែលកីឡាករ កីឡាការិនីយើងចង់បាន ព្រោះនេះជាការជំរុញស្មារតី នឹងលើកទឹកចិត្តនូវកាន់តែខ្លាំងក្លា ដើម្បីប្រកួតកីឡាក្នុងកម្រិតអូឡាំពិក ឱ្យបានកាន់តែល្អបំផុត តាមដែលអាចធ្វើទៅបាន៕
ប្រភព៖ Olympic Cambodia