×

ដំណើរនៅព្រឹត្តិការណ៍អូឡាំពិក២០២៤របស់ Rafael Nadal បានបញ្ចប់ក្រោយចាញ់ការប្រកួតវិញ្ញាសាវាយគូបុរស

ដំណើរការនៃការប្រកួតរបស់កីឡាករជើងចាស់ក្នុងកីឡាវាយកូនបាល់ជនជាតិអេស្ប៉ាញ Rafael Nadal បានឈានដល់ទីបញ្ចប់នៅក្នុងព្រឹត្តិការណ៍កីឡាអូឡាំពិកទីក្រុងប៉ារីស ២០២៤។

Nadal បានចាកចេញពីទីលានប្រកួតនៅទីលាន Philippe-Chatrier ដែលជាទីលានដែលបានផ្ដល់នូវជ័យជម្នះជាច្រើននៅក្នុងអាជីពរបស់គាត់។ Nadal បានត្រឹមគ្រវីក្បាលទៅកាន់អ្នកគាំទ្រ បន្ទាប់ពីគាត់ និងដៃគូរបស់គាត់ពោលគឺកីឡាករ Carlos Alcaraz បរាជ័យក្នុងវគ្គ 1/4 ចុងក្រោយ វិញ្ញាសាវាយគូបុរស ក្នុងព្រឹត្តិការណ៍កីឡាអូឡាំពិកប៉ារីសឆ្នាំ២០២៤ កាលពីថ្ងៃពុធ ទី៣១ ខែកក្កដា។

Nadal និង Alcaraz បានទាក់ទាញចំណាប់អារម្មណ៍របស់អ្នកគាំទ្រកីឡាវាយកូនបាល់នៅជុំវិញពិភពលោក ខណៈពួកគេបានចាប់ដៃគូគ្នាជាលើកដំបូង។

ប៉ុន្តែជាលទ្ធផល អ្នកទាំងពីរចាញ់ កីឡាករអាមេរិក Austin Krajicek និង Rajeev Ram ដោយលទ្ធផល 6-2 និង 6-4។

ក្រោយបរាជ័យនេះ អនាគតរបស់ Nadal ស្ថិតក្នុងភាពស្រពិចស្រពិល។ គាត់បានឈ្នះពានរង្វាន់ French Open ១៤ដង ក្នុងចំណោមពានពានរង្វាន់ Grand Slam ចំនួន ២២ របស់គាត់។

បរាជ័យនេះ ជាការសោកស្ដាយមួយបន្ថែមទៀត បន្ទាប់ពីការប្រកួតវិញ្ញាសាឯកត្តជនរបស់ Nadal បានឈានដល់ទីបញ្ចប់កាលពីថ្ងៃចន្ទ ទី២៩ ខែកក្កដា ដោយរងបរាជ័យ 6-1 និង 6-4 តាមរយៈគូប្រជែងជើងខ្លាំង Novak Djokovic ។

Nadal វ័យ ៣៨ ឆ្នាំ បានឈ្នះមេដាយមាសឯកត្តជននៅអូឡាំពិកទីក្រុងប៉េកាំងឆ្នាំ ២០០៨ និងពានរង្វាន់វាយគូបុរស នៅអូឡាំពិកទីក្រុងរីយ៉ូឆ្នាំ២០១៦៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង