កាលពីថ្ងៃពុធ ទី៧ ខែសីហា កីឡាករបាល់ទះ Wilfredo Leon រកបាន ២៦ ពិន្ទុ ច្រើនជាងកីឡាករណាទាំងអស់ ដើម្បីជួយឱ្យប៉ូឡូញយកឈ្នះលើសហរដ្ឋអាមេរិក ដោយលទ្ធផល ៣សិតទល់នឹង២សិត ដើម្បីឈានទៅវគ្គផ្ដាច់ព្រ័ត្រ អូឡាំពិកដណ្ដើមយកមេដាយមាសជាលើកដំបូងក្នុងរយៈពេល ៤៨ឆ្នាំ។
វាជាក្តីសុបិនមួយដែលបានបង្កើតឡើងតាំងពីឆ្នាំ ២០១៥ នៅពេលដែលកីឡាករដែលបានកើតនៅប្រទេសគុយបារូបនេះ ទទួលបានសញ្ជាតិប៉ូឡូញ តាមរយៈប្រពន្ធរបស់គាត់។
ប៉ូឡូញ ដែលជាក្រុមលំដាប់កំពូលរបស់ពិភពលោក នឹងប្រកួតជាមួយម្ចាស់ផ្ទះបារាំង នៅវគ្គផ្តាច់ព្រ័ត្រនៅថ្ងៃអាទិត្យខាងមុខ។
Leon ដែលបានចាកចេញពីប្រទេសគុយបាក្នុងឆ្នាំ២០១៣ បានប្រាប់ឱ្យដឹងថា៖ “វាតែងតែជាសុបិនរបស់ខ្ញុំ។ នៅពេលដែលខ្ញុំនៅជាមួយក្រុមជម្រើសជាតិគុយបា… ខ្ញុំបានឈ្នះការប្រកួតកីឡាអូឡាំពិកកម្រិតយុវជន ដូច្នេះខ្ញុំបានសន្យាជាមួយខ្លួនខ្ញុំថា នៅពេលដែលខ្ញុំនៅក្នុងក្រុមជម្រើសជាតិធំ គោលដៅរបស់ខ្ញុំលេងនៅក្នុងកីឡាអូឡាំពិក។”
បន្ទាប់ពីជួយឱ្យប៉ូឡូញឈានទៅវគ្គផ្ដាច់ព្រ័ត្រ នៅទីក្រុងប៉ារីស Leon បានឱ្យដឹងថា៖ “ពួកយើងបានរង់ចាំដើម្បីឈ្នះមេដាយមួយ យូរមកហើយ ហើយរង់ចាំអស់រយៈពេលជាច្រើនឆ្នាំដើម្បីឆ្លងផុតវគ្គ៨ក្រុមចុងក្រោយ។ កាលពីអូឡាំពិកចុងក្រោយ យើងមិនអាចឆ្លងផុតទេ ហើយចាប់ពីពេលនោះមក (ពួកយើងឆ្លងផុតវគ្គនេះ)។ ខ្ញុំពិតជារីករាយ ឥឡូវនេះ យើងមានមេដាយប្រាក់រួចជាស្រេច ប៉ុន្តែសម្រាប់ខ្ញុំ វាមិនគ្រប់គ្រាន់ទេ។ ខ្ញុំនឹងតស៊ូដើម្បីដណ្ដើមយកមេដាយមាស៕”