×

ខ្សែការពារ Sergi Roberto ធ្វើពិធីលាគ្នាទាំងទឹកភ្នែក ក្រោយប្រកាសចាកចេញពីក្លិប Barcelona

ខ្សែការពារ Sergi Roberto បានចូលរួមពិធីលាគ្នាទាំងទឹកភ្នែក ជាមួយអ្នកគាំទ្រ និង ក្លិប Barcelona បន្ទាប់ពីរូបគេបានប្រកាសចាកចេញពីក្លិបអ្នកមានបុណ្យរួចមក។

Sergi Roberto បានចូលរួមជាមួយ Barcelona ជាកីឡាករថ្នាល តាំងពីអាយុ១៤ឆ្នាំ នឹងបានបង្ហាញខ្លួនជាលើកដំបូងជាមួយក្រុម កាលពីខែវិច្ឆិកា ឆ្នាំ២០១០។

រូបគេបានបង្ហាញខ្លួន ៣៧៣ប្រកួត សម្រាប់ Barcelona និងស៊ុតបញ្ចូលទីបាន១៩គ្រាប់ រួមទាំងការប្រកួតដ៏អស្ចារ្យ គឺការប្រកួតឈ្នះ Paris St-Germain ដោយលទ្ធផល ៦-៥ នៅ UEFA Champions League វគ្គ១៦ក្រុមចុងក្រោយ កាលពីឆ្នាំ ២០១៧ ផងដែរ។

កីឡាករវ័យ៣៧ឆ្នាំ បានក្លាយជាប្រធានក្រុម Barcelona កាលពីរដូវកាល ២០២៣-២៤ ហើយការចាកចេញរបស់គេ ត្រូវបានបញ្ជាក់ដោយក្លិប ក្រោយផុតកុងត្រា កាលពីចុងខែមិថុនាកន្លងទៅ។
យ៉ាងណាមិញ នៅមុនការចាកចេញ របស់ Sergi Roberto ខាងក្លិប Barcelona ក៏បានធ្វើពិធីលាគ្នា ដ៏រំជួលចិត្តមួយផងដែរ។

នៅក្នុងឱកាសនោះ Sergi Roberto បាននិយាយទាំងសម្រក់ទឹកភ្នែក និង ភាពក្តុកក្តួល ថា “ ខ្ញុំមកទីនេះដើម្បីប្រាប់អ្នកថា ខ្ញុំចាកចេញដោយមានអារម្មណ៍រីករាយនិងមោទនភាពជាខ្លាំង។ ខ្ញុំបានផ្តល់អ្វីៗគ្រប់យ៉ាងដល់ក្លិបនេះក្នុងរយៈពេល ១៨ ឆ្នាំ ហើយ Barcelona គឺជាក្លិបនៃជីវិតរបស់ខ្ញុំជានិច្ច។”

សូមបញ្ជាក់ថា រយៈពេលលេងជាមួយ Barcelona កន្លងមក Sergi Roberto បានលើកពានរង្វាន់ទ្វីបអឺរ៉ុប UEFA Champions League បានចំនួន ២ដង ពានលីគ La Liga ចំនួន ៧ដង ពាន Copa del Rey ៦ដង និងពាន FIFA Club World Cup ចំនួន ២ដង ផងដែរ៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង