×

គ្រូ Real Madrid ថា មិនទាន់ច្បាស់ពីលទ្ធភាពដាក់ Kylian Mbappe ក្នុងការប្រកួតជាមួយ Atalanta

ខ្សែប្រយុទ្ធ Kylian Mbappe ត្រូវបានជឿថា អាចនឹងបង្ហាញខ្លួនជាលើកដំបូងសម្រាប់ក្រុម Real Madrid នៅពេលដែលពួកគេត្រូវជួបក្រុម Atalanta ប៉ុន្តែគ្រូបង្វឹក Real Madrid លោក Carlo Ancelotti បានអះអាងពី ភាពមិនប្រកដប្រជា ក្នុងការដាក់កីឡាករបារាំងក្នុងការប្រកួត។

ជាការពិត Kylian Mbappe វ័យ ២៥ ឆ្នាំបានកា្លយជាសមាជិកក្លិបលីគកំពូលអេស្ប៉ាញ កាលពីខែមិថុនា ក្នុងនាមជាកីឡាករឥតតម្លៃខ្លួន ក្រោយចាកចេញពីក្លិបបារាំង Paris Saint Germain ។ រូបគេបានចុះកិច្ចសន្យាចំនួន៥ឆ្នាំ ក្នុងការលេងនាកីឡដ្ឋាន Santiago Bernabéu។

Real Madrid ម្ចាស់ជើងឯក UEFA Champions League 2023–24 នឹងត្រូវជួបប្រកួតជាមួយ Atalanta ម្ចាស់ជើងឯក UEFA Europa League 2023–24 ក្នុងពានរង្វាន់ UEFA Super Cup ដោយក្នុងនោះ Kylian Mbappe ក៏ត្រូវបានមើលឃើញថា មានវត្តមានជាមួយសមាជិក Real Madrid ដទៃទៀតក្នុងការហ្វឹកហាត់ត្រៀមខ្លួនក្នុងការប្រកួតផងដែរ។

យ៉ាងណាមិញ នៅពេលត្រូវបានសួរនាំពីលទ្ធភាពនៃការបង្ហាញខ្លួនជាលើកដំបូងរបស់ Kylian Mbappe នោះ គ្រូបង្វឹក លោក Carlo Ancelotti មិនបានបង្ហើបពីភាពប្រាកដប្រជារបស់លោកក្នុងការដាក់រូបគេអោយចូលលេងនោះទេ។

គ្រូបង្វឹកជនជាតិអ៊ីតាលី បានថ្លែងមុនការប្រកួតចូលមកដល់ថា “Mbappe បានមកដល់យ៉ាងល្អ ដូចកីឡាករផ្សេងទៀតដែលបានវិលមកកាន់ក្លិបវិញកាលពីសប្តាហ៍មុន។ យើងមិនមានពេលច្រើនដើម្បីហ្វឹកហាត់ទេ ប៉ុន្តែយើងធ្វើបានល្អ ហើយ Kylian ក៏មកដល់ក្នុងទម្រង់លេងល្អដែរ។ គេសម្របខ្លួនបានយ៉ាងល្អ។”

លោក Carlo Ancelotti បន្ថែមថា “ប៉ុន្តែចំពោះលទ្ធភាពនៃការដាក់ Mbappe ទៅលើទីលានប្រកួតខ្ញុំក៏មិនទាន់ច្បាស់ដែរ។ វាបានក្លាយជាបញ្ហាស្មុគស្មាញសម្រាប់ខ្ញុំ ព្រោះខ្ញុំតែងតែគិតរហូតថា គួរដាក់ឬដកអ្នកណាចេញ តែយើងនឹងឃើញភាពច្បាស់លាស់ពេលការប្រកួតមកដល់។”

Real Madrid ដែលបានលើកពាន Super Cup ចំនួន ៥ មកទល់ពេលនេះ មានឱកាសវ៉ាហួស Barcelona និង AC Milan ដែលបានឈ្នះពានរង្វាន់នេះ ៥ ដងផងដែរ ប្រសិនបើពួកគេអាចឈ្នះ Atalanta បាន៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង