×

ក្លិបនៅលីគកំពូលអារ៉ាប៊ីសាអូឌីតចង់ចំណាយលុយធំនាំយក Vinicius Junior ពី Real Madrid

សារព័ត៌មាន Reuters បានអោយដឹងថា ខ្សែបម្រើ Vinicius Junior របស់ Real Madrid កំពុងទទួលបានការចាប់អារម្មណ៍ពីក្លិបនៅលីគកំពូលអារ៉ាប៊ីសាអូឌីត Saudi Pro League ដោយហ៊ានផ្តល់ជូនថ្លៃពលកម្មដល់ទៅ ១.១ ពាន់លានដុល្លារ ដើម្បីក្លាយជាកីឡាករមានថ្លៃពលកម្មខ្ពស់បំផុតលើពិភពលោក។

កីឡាករប្រេស៊ីល ត្រូវបានមន្ត្រីមូលនិធិវិនិយោគសាធារណៈអារ៉ាប៊ីសាអូឌីត PIF ទាក់ទង និងផ្តល់កិច្ចសន្យា៥ឆ្នាំ មានតម្លៃប្រហែល ២១៨ លានដុល្លារ ក្នុងមួយរដូវកាល បូករួមទាំងប្រាក់រង្វាន់ផ្សេងទៀត ដើម្បីមកប្រកបអាជីពនៅក្របខណ្ឌ Saudi Pro League ។ កិច្ចព្រមព្រៀងនេះក៏រួមបញ្ចូល នូវកិច្ចសន្យារយៈពេល១០ឆ្នាំដាច់ដោយឡែក ដើម្បីអោយរូបគេក្លាយជាឯកអគ្គរាជទូតនៅ FIFA World Cup 2034 ដែល អារ៉ាប៊ីសាអូឌីតជាម្ចាស់ផ្ទះ។

សំណើដ៏មហាសាលនេះ មិនទាន់ត្រូវបាន Vinicius Junior បដិសេធនៅឡើយទេ ហើយលទ្ធភាពចាកចេញពីក្លិប Real Madrid កំពុងស្ថិតក្រោមការពិនិត្យ ខណៈ Real Madrid មិនចង់អោយកីឡាកររបស់ពួកគេចាកចេញទេ។ ការដាក់សំណើផ្លូវការលើការផ្តល់ជូនក្លិប Real Madrid សម្រាប់ Vinicius Junior មិនទាន់កើតឡើងនៅឡើយទេ ដោយជំហានដំបូងត្រូវទទួលបានការយល់ព្រមលក្ខខណ្ឌផ្ទាល់ខ្លួនជាមួយសាមីកីឡាករ ជាមុនសិន។

Vinicius Junior បានផ្លាស់ពីក្លិបប្រេស៊ីល Flamengo មកចូលរួម Real Madrid នៅឆ្នាំ២០១៨ ហើយបច្ចុប្បន្ន រូបគេបានក្លាយជាកីឡាករសំខាន់របស់ក្រុម។ Vinicius Junior ស៊ុតបញ្ចូលទី៨៣គ្រាប់ពីការបង្ហាញខ្លួនសរុប ២៦៤ប្រកួតនៅគ្រប់កម្មវិធី។ ហើយជាពិសេសបានជួយក្រុមឈ្នះពានរង្វាន់ជាច្រើនរួមទាំង La Liga ៣ដង UEFA Champions League ២ដង Copa del Rey ១ដង UEFA Super Cup និង FIFA Club World Cup ២ដង។

ដោយឡែក មូលនិធិវិនិយោគសាធារណៈអារ៉ាប៊ីសាអូឌីត មានទ្រព្យសម្បត្តិរហូតដល់ ៩២៥ពាន់លានដុល្លារអាមេរិក និងកំពុងកាន់កាប់ភាគហ៊ុនរហូតដល់ ៧៥ ភាគរយ លើក្លិបធំៗចំនួន ៤ នៅក្របខណ្ឌ Saudi Pro League រួមមានក្លិប Al Ahli, Al Ittihad, Al Hilal និងក្លិប Al Nassr ដែលមានខ្សែប្រយុទ្ធព័រទុយហ្គាល់ Cristiano Ronaldo កំពុងប្រកបអាជីពនៅទីនោះ៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង