ខ្សែប្រយុទ្ធ Lionel Messi នឹងបន្តអវត្តមានការប្រកួតរបស់ក្លិប Inter Miami ដោយសារ របួសដាច់សរសៃកជើងមិនទាន់សះស្បើយនៅឡើយ។
កីឡាករវ័យ៣៧ឆ្នាំ បានជួបបញ្ហារបួស អំឡុងការប្រកួតអោយអាហ្សង់ទីន ក្នុងវគ្គផ្តាច់ព្រ័ត្រពានរង្វាន់ Copa America 2024។ លោក Gerardo Martino គ្រូបង្វឹក Inter Miami បញ្ជាក់ថា លោកមិនទាន់អាចបញ្ជាក់ពីពេលវេលាដែល Messi អាចធូរស្រាលរបួសហើយវិលចូលរួមការប្រកួត តែលោកសង្ឃឹមថា រូបគេនឹងជាសះស្បើយពីបញ្ហារបួសក្នុងពេលឆាប់ៗនេះ។
គ្រូបង្វឹកវ័យ៦១ឆ្នាំ អោយដឹងថា “Messi កំពុងតែមានភាពរីកចម្រើនពីរបួសរបស់គេទៅតាមអ្វីដែលយើងបានរំពឹងទុក។ ប៉ុន្តែ នៅពេលនេះ យើងនៅមិនទាន់ដឹងនៅឡើយថា តើពេលណារូបគេនឹងអាចចូលរួមលេងជាមួយនឹងក្រុមវិញបាន។”
Lionel Messi ម្ចាស់ពាន Ballon d’Or ៨សម័យ បានខកខានចូលរួមការប្រកួត ចាប់តាំងពីជួយអាហ្សង់ទីនឈ្នះពានរង្វាន់ Copa America 2024 មកម្ល៉េះ ក្រោយពីរូបគេជួបបញ្ហារបួសដាច់សរសៃពួរកជើង អំឡុងការប្រកួតវគ្គផ្តាច់ព្រ័ត្រទល់នឹងកូឡុំប៊ី កាលពីថ្ងៃទី១៤ ខែកក្កដា។
ការប្រកួតរបស់ក្រុម Inter Miami កន្លងមក តែងតែគ្មានវត្តមានរបស់ Messi ប៉ុន្តែក្រុមស្ថិតក្នុងរដ្ឋ Florida មួយនេះ នៅតែអាចប្រជែងកាន់កាប់តំណែងជាក្រុមកំពូលតារាង ស្ថិតក្នុងលីគ MLS ភាគខាងកើត។ បច្ចុប្បន្ន Inter Miami មាន ៥៣ពិន្ទុ រកបានពីការប្រកួតចំនួន ២៥លើក ដោយមានគម្លាតពិន្ទុដាច់ពីក្រុមលេខ ២ Cincinnati ដល់ទៅ ៤ ពិន្ទុ ខណៈក្រុម Cincinnati លេងលឿនជាង១ប្រកួតថែមទៀត៕