×

សម្ភារដែលសល់ពីអូឡាំពិក២០២៤ នឹងត្រូវកែច្នៃប្រើប្រាស់សាជាថ្មី

អ្នករៀបចំអូឡាំពិកទីក្រុងប៉ារីស ២០២៤ នឹងយកឧបករណ៍គ្រឿងបរិក្ខារកីឡា ព្រមទាំងកីឡដ្ឋានប្រកួតកីឡាមួយចំនួន ទៅកែច្នៃប្រើប្រាស់បន្តទៀត សម្រាប់ការប្រកួតកីឡាដទៃ ឬក៏សម្រាប់ត្រៀមការប្រកួតកីឡាប៉ារ៉ាឡាំពិកប៉ារីសចុងខែសីហានេះ។

កន្លងមក ប្រទេសម្ចាស់ផ្ទះអូឡាំពិកតែងតែកសាងទីលានផ្សេងៗ ដើម្បីរៀបចំ ហើយការកសាងទីលានទាំងនោះ បានចំណាយប្រាក់ច្រើនសន្ធឹកសន្ធាប់ តែនៅពេលការប្រកួតបានបញ្ចប់ទៅ ទីលានប្រកួតទាំងនោះភាគច្រើន ក៏ត្រូវបានបោះបង់ចោល។

សម្រាប់អូឡាំពិក ២០២៤ វិញ អ្នករៀបចំបានប្រើវិធីសាស្ត្រ សាងសង់ទីលាន ឬ គ្រឿងបរិក្ខាផ្សេងៗ ដែលអាចរុះរើចេញផ្លាស់ទីបាន និងមានភាពងាយស្រួល។ បន្ថែមពីនេះពួកគេក៏មានគម្រោង ប្រើប្រាស់ គ្រឿងបរិក្ខាទាំងនោះឡើងវិញដែរ។

ការប្រកួតកីឡាអូឡាំពិកទីក្រុងប៉ារីស បានប្រើប្រាស់ឧបករណ៍ និងវត្ថុប្រើប្រាស់ផ្សេងៗសរុបជាង ៦លានប្រភេទខុសៗគ្នា ហើយឧបករណ៍បានប្រើប្រាស់ទាំងនោះ ប្រមាណ ៩០ភាគរយ នឹងត្រូវកែច្នៃប្រើប្រាស់ឡើងវិញ។

គ្រឿងបិរក្ខារផ្សេងៗ ដូចជាទីលានប្រកួតដែលអាចរុះរើបាន ក៏នឹងត្រូវប្រើប្រាស់សម្រាប់រៀបចំការប្រកួតកីឡាប៉ារ៉ាឡាំពិកបន្តទៀត ពីថ្ងៃទី២៨ ខែសីហា រហូតដល់ថ្ងៃទី៨ ខែកញ្ញា។ បន្ទាប់ពីបញ្ចប់ការប្រកួតប៉ារ៉ាឡាំពិក គ្រឿងបរិក្ខារទាំងអស់នោះ នឹងត្រូវបញ្ជូនទៅកាន់កន្លែងថ្មី ឬប្រទេសដែលត្រូវការ ដើម្បីកែច្នៃប្រើប្រាស់បន្ត។

ដោយឡែក គំនិតដែលកសាងបរិក្ខារ ទីលានប្រកួត ដែលអាចរុះរើវិញបានសម្រាប់ប្រើប្រាស់បន្តជាថ្មីនេះ ហាក់បីដូចជាគំនិតបានលើកឡើងស្រដៀងទៅនឹងសហព័ន្ធបាល់ទាត់ពិភពលោក FIFA ដែលធ្លាប់បានធ្វើអំឡុងការប្រកួត World Cup 2022 រួចហើយ៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង