លោក Mauricio Pochettino បានយល់ព្រមចូលកាន់តំណែងជាគ្រូបង្វឹកក្រុមបាល់ទាត់ជម្រើសជាតិអាមេរិក ដើម្បីដឹកនាំក្រុមនេះ រហូតដល់ព្រឹត្តិការណ៍ FIFA World Cup 2026 ដែលអាមេរិកធ្វើជាសហម្ចាស់ផ្ទះជាមួយ កាណាដា និង ម៉ិកស៊ិក។
បុរសជនជាតិអាហ្សង់ទីន វ័យ៥២ឆ្នាំ មិនមានការងារដឹកនាំក្រុមណាមួយទេ ចាប់តាំងពីចែកផ្លូវជាមួយ Chelsea កាលពីខែឧសភា បន្ទាប់ពីដឹកនាំបានមួយរដូវកាលប៉ុណ្ណោះ។
ប្រភពពីសារពត៌មាន ESPN អោយដឹងថា លោក Mauricio Pochettino អាចនឹងចូលកាន់តំណែងជាគ្រូបង្វឹកនៃក្រុមបាល់ទាត់ជម្រើសជាតិអាមេរិក ទាន់ពេលវេលាសម្រាប់ការប្រកួតមិត្តភាព ថ្ងៃទី ៧ ខែកញ្ញាទល់នឹងក្រុមភ្ញៀវកាណាដា ក្នុងទីក្រុង Kansas រដ្ឋ Kansas ។
ក្រុមបាល់ទាត់បុរសអាមេរិក មិនមានគ្រូបង្វឹកអចិន្ត្រៃយ៍ចាប់តាំងពីលោក Gregg Berhalter ត្រូវបានបណ្តេញចេញកាលពីថ្ងៃទី១០ខែកក្កដា ក្រោយទទួលលទ្ធផលមិនល្អក្នុងព្រឹត្តិការណ៍ Copa America 2024 ។
អតីតគ្រូបង្វឹក Tottenham Hotspur និង Paris Saint-Germain លោក Pochettino បានចូលរួមជាមួយ Chelsea នៅមុនយុទ្ធនាការឆ្នាំ ២០២៣-២៤ ដោយចូលទៅជំនួសដំណែងគ្រូបង្វឹកបណ្តោះអាសន្ន លោក Frank Lampard ខណៈដែលម្ចាស់ថ្មីរបស់ក្លិប Chelsea កំពុងសម្លឹងមើលការកែលម្អក្លិបឡើងវិញបន្ទាប់ពីបញ្ចប់ក្នុងចំណាត់ថ្នាក់លេខ ១២ កាលពីរដូវកាល២០២២-២៣។ លោក Pochettino បានចុះហត្ថលេខាលើកិច្ចសន្យារយៈពេល២ឆ្នាំ អមដោយ ជម្រើសថែមមួយឆ្នាំបន្ថែមទៀត។
យ៉ាងណាក៏ដោយ លោក Pochettino បានសម្រេចចាកចេញពីក្លិបនាទីក្រុងឡុងដ៍ បន្ទាប់ពីភាពច្របូកច្របល់នៅក្នុងក្លិប ប៉ុន្តែលោកក៏បានដឹកនាំជួយក្លិបបញ្ចប់ក្នុងចំណាត់ថ្នាក់លេខ ៦ ដើម្បីធានាបាននូវកៅអីទៅប្រកួតពានរង្វាន់បាល់ទាត់អឺរ៉ុប UEFA Conference League សម្រាប់រដូវកាលថ្មី ២០២៤-២៤ ផងដែរ៕