Bayern Munich បានបង្ហាញកីឡាករចំណូលថ្មីរបស់ពួកគេគឺខ្សែបម្រើ Michael Olise នៅក្នុងសន្និសីទសារព័ត៌មាន នៅទីស្នាក់ការកណ្តាលរបស់ក្លិប ដែលស្ថិតនាទីក្រុង Munich ប្រទេសអាល្លឺម៉ង់។
កីឡាករបារាំង វ័យ២២ឆ្នាំ បានចូលរួមជាមួយ Bayern Munich ដោយផ្ទេរពីក្លិប Crystal Palace ជាទីកន្លែងដែលរូបគេបានលេងជាមួយតាំងពីឆ្នាំ ២០២១ ដោយបង្ហាញខ្លួនបាន ៩០ ដង ស៊ុតបញ្ចូលទីបាន១៦គ្រាប់ផងដែរ។
សមាជិកក្រុមប្រឹក្សាភិបាលក្លិប Bayern Munich ក្នុងការដឹកនាំផ្នែកកីឡា លោក Max Eberl បាននិយាយអំពី កីឡាករចំណូលថ្មី រូបនេះថា ” Michael Olise បានផ្តល់អោយយើងនូវការប្រែប្រួលជាច្រើន។ រូបគេ មានការស្ទាត់ជំនាញលេងជើងឆ្វេងល្អ ហើយអាចលេងនៅតំបន់ស្លាប ប៉ុន្តែគេក៏អាចលេងនៅតំបន់កណ្តាលបានដែរ។”
សម្រាប់សាមីកីឡាករ Michael Olise វិញ បាននិយាយថា រូបគេមានអារម្មណ៍ពីការស្វាគមន៍យ៉ាងកក់ក្តៅនៅទីក្រុង Munich ហើយនឹងត្រៀមបញ្ចេញអោយពីលទ្ធភាព ដើម្បីជួយក្រុមទទួលបានលទ្ធផលល្អ។
សូមបញ្ជាក់ថា Bayern Munich បានទិញយក Michael Olise តាំងពីដើមខែកក្កដាមកម្ល៉េះ តែ ទើបបង្ហាញខ្លួនជាផ្លូវការនៅពេលនេះ។ ការចូលរួម របស់ Michael Olise ជាមួយ Bayern Munich រូបគេចុះកុងត្រាលើកិច្ចសន្យាដែលមានរយៈពេល៥ឆ្នាំ គឺរហូតដល់ឆ្នាំ២០២៩ ជាមួយតម្លៃផ្ទេរប្រមាណ ៦០លានអឺរ៉ូ។ តម្លៃខ្លួនរបស់ Michael Olise បានធ្វើអោយរូបគេស្ថិតក្នុងចំណោមកីឡាករដែល Bayern Munich បានចំណាយក្នុងការទិញយកក្នុងតម្លៃខ្ពស់បំផុតក្នុងប្រវត្តិសាស្ត្ររបស់ក្លិប ដោយស្ថិតក្នុងចំណាត់ថ្នាក់លេខ៤។
ដោយឡែក Bayern Munich កាលពីរដូវកាល ២០២៣-២៤ បានបញ្ចប់ក្នុងចំណាត់ថ្នាក់លេខ៣ របូតឱកាសឈ្នះជើងឯក Bundesliga ជាលើកទី១២ជាប់ៗគ្នា។ ពួកគេនឹងចាប់ផ្តើមការប្រកួតបាល់ទាត់លីគកំពូលអាល្លឺម៉ង់ រដូវកាលថ្មី ២០២៤-២៥ នៅថ្ងៃទី ២៥ ខែសីហាខាងមុខ ដោយត្រូវធ្វើដំណើរទៅជួបក្រុម VfL Wolfsburg៕