×

ខ្សែបម្រើ Marco Reus ទៅចូលរួម LA Galaxy ក្រោយចាកចេញពី Dortmund

ក្លិប LA Galaxy នៅលីគបាល់ទាត់កំពូលអាមេរិក Major League Soccer បានប្រកាសថា ខ្សែបម្រើ Marco Reus បានចុះហត្ថលេខាលេងជាមួយពួកគេ ក្នុងនាមជាកីឡាករឥតតម្លៃខ្លួនដោយចុះកិច្ចសន្យារយៈពេល ២ ឆ្នាំកន្លះ ។

កីឡាករអាល្លឺម៉ង់ វ័យ៣៥ ឆ្នាំបានចាកចេញពីក្លិប Borussia Dortmund នៅចុងបញ្ចប់នៃរដូវកាល ២០២៣-២៤ បន្ទាប់ពីចាយពេល ១២ ឆ្នាំជាមួយក្លិបនៅក្របខណ្ឌ Bundesliga មួយនេះ។ ការប្រកួតចុងក្រោយរបស់គេ សម្រាប់ Borussia Dortmund គឺនៅក្នុងការប្រកួតវគ្គផ្តាច់ព្រ័ត្រ UEFA Champions League ទល់នឹងក្លិប Real Madrid កាលពីខែមិថុនា។

អ្នកគ្រប់គ្រងទូទៅរបស់ក្លិប LA Galaxy លោក Will Kuntz បាននិយាយថា “សម្រាប់ Marco ដែលជាកីឡាករបាល់ទាត់ល្អបំផុតប្រចាំឆ្នាំរបស់ Bundesliga ចំនួន២សម័យ បានចូលរួមជាមួយ LA Galaxy បន្ទាប់ពីបានលេងអាជីពរបស់គេទាំងស្រុងនៅអាឡឺម៉ង់។ ការចូលរួមរបស់គេ គឺជាសក្ខីភាពមួយចំពោះគម្រោងដែលក្លិបកំពុងបន្តធ្វើដើម្បីការអភិវឌ្ឈ។”

Marco Reus បានស៊ុតបញ្ចូលទីបាន ១៧០ គ្រាប់ក្នុង 429 ៤២៩ ប្រកួតសម្រាប់ Borussia Dortmund និងជាប្រធានក្រុមរយៈពេល ៥ ឆ្នាំរហូតដល់ឆ្នាំ ២០២៣ ដោយបានរួមចំណែកឈ្នះពានរង្វាន់ German Cup ចំនួន២ ដង ជាមួយក្លិបពណ៌លឿង។

ដោយឡែក លោក Greg Vanney គ្រូបង្វឹករបស់ LA Galaxy បាននិយាយថា ” Marco Reus ជាកីឡាករដ៏មានសមត្ថភាព មានភាពជាអ្នកដឹកនាំ និងចក្ខុវិស័យសម្រាប់ការប្រកួត។ វត្តមានរបស់គេ នឹងរួមបញ្ចូលយ៉ាងរលូនទៅក្នុងក្រុម នៅពេលដែលក្រុមរៀបចំសម្រាប់ការប្រកួតជាបន្ត ក្រោយសម្រាកមួយរយៈមក។”

LA Galaxy បច្ចុប្បន្នកំពុងឈរចំណាត់ថ្នាក់លេខ២ ក្នុងតារាងពិន្ទុ Major League Soccer ដោយមាន៤៩ពិន្ទុ ឆ្លងកាត់២៦ប្រកួត តិចជាងក្រុម Inter Miami CF ដែលមាន៥៣ពិន្ទុ លេងបាន២៥ប្រកួត។ ការប្រកួតជាបន្តរបស់ LA Galaxy គឺ ធ្វើដំណើរទៅជួបក្រុម Atlanta United FC នៅថ្ងៃទី ២៤ ខែសីហាខាងមុខ៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង