គ្រូបង្វឹកលោក Roberto De Zerbi បានទម្លាយថា លោកបានទូរស័ព្ទទៅព្រមានខ្សែប្រយុទ្ធ Mason Greenwood ដោយផ្ទាល់ មុនពេលការនាំយករូបគេពីក្លិប Man UTD មកចូលរួមជាមួយក្លិប Marseille ។
Mason Greenwood បានសម្រេចចាកចេញពី ក្លិបអង់គ្លេស Man UTD មកចូលរួមជាមួយក្លិបបារាំង Marseille លើកិច្ចសន្យារយៈពេល៥ឆ្នាំ ដោយមានតម្លៃនៃការផ្ទេរ ៣១,៦ លានអឺរ៉ូ។
កីឡាករវ័យ២២ឆ្នាំ បានបង្ហាញខ្លួន ១២៩ដង និង ស៊ុតបាន៣៥គ្រាប់ ក្រោយរូបគេបានមកលេងអោយក្រុមឈុតធំ Man UTD កាលពីឆ្នាំ២០១៩។ ទោះយ៉ាងណា Greenwood បានផ្លាស់ទៅលេងអោយក្លិប Getafe នៅលីគកំពូលអេស្ប៉ាញ ជាកីឡាករខ្ចីជើងកាលពីឆ្នាំ២០២៣។
ការសម្រេចអោយ Greenwood ទៅចូលរួមក្លិប Getafe ដោយសារ Man UTD ចង់ជៀសវាង បញ្ហារបស់គេជាមួយកីឡាកររបស់ក្លិប ដោយសារ Greenwood បានជួបប្រទះរឿងអាស្រូវ ប្រើប្រាស់អំពើហិង្សា និង ការរំលោភបំពាន អតីតមិត្តស្រី ហើយបើទោះជារូបគេបានរួចផុតការចោទប្រកាន់ក្តី តែកីឡាករអង់គ្លេសរូបនេះ ហាក់មិនអាចបន្តលេងជាមួយ Man UTD តទៅទៀតទេ ហើយចុងក្រោយរូបគេបានមកចូលរួមជាមួយ ក្លិប Marseille នៅលីគកំពូលបារាំង។
ការនាំយក Mason Greenwood មកនេះដែរ លោក Roberto De Zerbi បានអោយដឹងថា លោកបានជួបប្រទះការមិនពេញចិត្តពីសំណាក់អ្នកគាំទ្រក្លិប រួមទាំងអភិបាលក្រុង Marseille ផងដែរ ព្រោះតែរឿងអាស្រូវរបស់គេ។ យ៉ាងណាមិញ គ្រូបង្វឹកវ័យ ៤៥ឆ្នាំ បានជំនះបញ្ហាទាំងអស់ ដើម្បីនាំយករូបគេមករួមក្រុមអោយខានតែបាន តែលោកក៏បានទម្លាយថា លោកបានទូរស័ព្ទទៅព្រមានរូបគេជាមុន មុនពេលសាមីកីឡាករធ្វើដំណើរមកប្រទេសបារាំង។
លោក Roberto De Zerbi បានអោយដឹងដូច្នេះ “ខ្ញុំបានទូរស័ព្ទទៅព្រមាន Mason Greenwood អំពីរឿងរ៉ាវរបស់គេ រួមទាំងតម្រូវការរបស់ក្លិប។ ទៅនេះគឺ Marseille ហើយក្លិបមានតម្រូវការខុសពីក្លិបផ្សេង។ រូបគេជាកីឡាករតែងតែមានការបង្កកំហុស ប៉ុន្តែក្នុងនាមខ្ញុំជាគ្រូបង្វឹក ខ្ញុំនឹងអប់រំគេ ហើយនឹងការពាររូបគេ ប្រៀបដូចជាកូនប្រុសរបស់ខ្ញុំដែរ។”
សូមបញ្ជាក់ថា Mason Greenwood គឺជាកីឡាករទី៤ ផ្ទេរមកកាន់ទឹកដី Vélodrome ក្រោមការដឹកនាំរបស់គ្រូបង្វឹកថ្មី លោក Roberto De Zerbi ដែលបានមកកាន់តំណែង ក្រោយចាកចេញពីក្លិបអង់គ្លេស Brighton កាលពីខែមិថុនា កន្លងទៅ៕