លោក Mounir Nasraoui ដែលត្រូវជាឪពុករបស់ខ្សែបម្រើក្លិប Barcelona និង ក្រុមបាល់ទាត់ជម្រើសជាតិអេស្ប៉ាញ Lamine Yamal កំពុងស្ថិតក្នុងការសម្រាកព្យាបាល នៅមន្ទីរពេទ្យនាទីក្រុង Barcelona ប្រទេសអេស្ប៉ាញ បន្ទាប់ពីរូបលោក ត្រូវបានជនល្មើសចាក់នឹងកំាំបិតអោយរបួសធ្ងន់។
ហេតុការណ៍ ចាក់ទៅលើឪពុករបស់កីឡាករ វ័យ ១៧ឆ្នាំ បានកើតឡើងនាទីតាំងចតឡានមួយកន្លែង នាជាយក្រុង Mataro កាលពីថ្ងៃពុធ។
សារពត៌មាននៅអេស្ប៉ាញ TVE បានរាយការណ៍ថា លោក Mounir Nasraoui ឪពុករបស់ កីឡាករ Lamine Yamal ត្រូវបានចាក់ចំនួន៣កន្លែង គឺនៅពោះ ២កន្លែង និង ទ្រូង១កន្លែង។ របួសរបស់លោកស្ថិតក្នុងសភាពធ្ងន់ធ្ងរ ប៉ុន្តែមានស្ថេរភាពហើយ ក្រោយទទួលការសង្គ្រោះនាមន្ទីរពេទ្យ។
មកទល់ពេលនេះ ប៉ូលីសក្នុងតំបន់បានធ្វើការឃាត់ខ្លួនមនុស្ស៤នាក់ ដែលសង្ស័យថា ជាប់ទាក់ទងនឹងករណី វាយប្រហារ និង ប៉ុនប៉ងធ្វើឃាតកម្ម នេះ។ សម្រាប់មូលហេតុដែលនាំអោយមានអំពើហិង្សាកើតឡើង មិនទាន់ត្រូវបានបញ្ជាក់នៅឡើយទេ។
ក្នុងនោះដែរ Lamine Yamal ត្រូវបានមើលឃើញថា បានធ្វើដំណើរទៅមន្ទីរពេទ្យជាបន្ទាន់ ដើម្បីទៅមើលឪពុករបស់ខ្លួន។
Lamine Yamal បានក្លាយទៅជាតារាបាល់ទាត់ដែលកំពុងទទួលការចាប់អារម្មណ៍នៅរយៈកាលចុងក្រោយនេះ បន្ទាប់ពីរូបគេ បង្ហាញសមត្ថភាពជួយក្រុមជម្រើសជាតិអេស្ប៉ាញ ឈ្នះជើងឯក UEFA Euro 2024 ដែលជាការឈ្នះជាលើកទី ៤ នៅក្នុងប្រវត្តិសាស្ត្ររបស់ពួកគេ៕