ព្រឹត្តិការណ៍កីឡាអូឡាំពិករដូវក្តៅទីក្រុងប៉ារីស ប្រទេសបារាំង ឆ្នាំ២០២៤ បានជាប់កំណត់ត្រាដ៏ពិសេសគឺក្លាយព្រឹត្តិការណ៍នៃក្តីស្រឡាញ់ ដោយមានអត្តពលិកសុំគូសេ្នហ៍រៀបការ ក៏ដូចជាប្រកាសភ្ជាប់ពាក្យច្រើនបំផុត ចំនួន៩គូឯណោះ។
ជាក់ស្តែង កីឡាករបាល់គប់អាហ្សង់ទីន Pablo Simonet បានសុំកីឡាការិនីហុកគីអាហ្សង់ទីន Maria Pilar Campoy រៀបការ ដែលការស្នើសុំនេះធ្វើឡើងឯភូមិកីឡាអូឡាំពិក។
ងាកទៅមួយគូទៀត នៅមុនពេលកីឡាការិនីប្រណាំងទូកក្តោងបារាំង Sarah Steyaert និងមិត្តរួមក្រុម Charlotte Picon ត្រូវប្រកួត មិត្តប្រុសទាំងពីរបាននិយាយថា ពួកគេនឹងធ្វើពិធីភ្ជាប់ពាក្យ ក្រោយចប់ការប្រកួតរបស់ពួកនាង។
សម្រាប់ អត្តពលិកកាយសម្ព័ន្ធរបស់អ៊ីតាលី កីឡាការិនី Alessia Maurelli ក៏ត្រូវបានមិត្តប្រុសរបស់នាង Massimo Bertelloni សុំរៀបការភ្លាមៗ បន្ទាប់ពីកីឡាការិនីរូបនេះ និងមិត្តរួមក្រុមបានឈ្នះមេដាយសំរិទ្ធ។
មួយគូទៀត បន្ទាប់ពីបានឈ្នះមេដាយមាសកីឡាវាយសីវិញ្ញាសាចម្រុះដៃគូ កីឡាការិនីចិន Huang Yaqiong ត្រូវបានមិត្តប្រុសរបស់នាង កីឡាករវាយសីចិន Liu Yuchen ដែលចូលរួមការប្រកួតដែរនោះ សុំរៀបការចំពោះមុខមនុស្សដ៏ច្រើន។
រីឯ កីឡាករប្រណាំងទូកអាមេរិក Justin Best បានសុំមិត្តស្រី Lainey Duncan រៀបការ នៅទីតាំងក្បែរប៉ម Eiffel Tower បន្ទាប់ពីរូបគេ ដណ្តើមបានមេដាយមាសវិញ្ញាសាជាក្រុម៤នាក់។
ចំពោះកីឡាការិនីបារាំង Alice Finot បានរត់ទៅក្រៅទីលាន រួចលុតជង្គង់នៅចំពោះមុខមិត្តប្រុសខ្លួនឈ្មោះ Bruno Martínez Bargiela ដែលជាអត្តពលិកកីឡាទ្រីយ៉ាត្លុងដើម្បីសុំរៀបការ នឹងទទួលបានការយល់ព្រមភា្លមៗ។
មួយគូទៀត កីឡាករចោលដុំដែកអាមេរិក Payton Otterdahl បានសុំមិត្តស្រីនាង Maddy Nilles រៀបការ នៅទីតាំងជាប់នឹងប៉ម Eiffel Tower បន្ទាប់ពីកីឡាកររូបនេះ បានបញ្ចប់នៅក្នុងចំណាត់ថ្នាក់ទី ៤ នៅវគ្គផ្តាច់ព្រ័ត្រ។
ចុងក្រោយ កីឡាការិនីបាល់ឱបអាមេរិក Alev Kelter និងមិត្តស្រី Kathryn Treder ដែលជាកីឡការិនីបាល់ឱបដែរនោះ បានប្រកាសភ្ជាប់ពាក្យ បន្ទាប់ពី Alev Kelter ឈ្នះមេដាយសំរិទ្ធជាមួយក្រុម៕