
កីឡាករអ៊ីតាលី Francesco Bagnaia បានទទួលជ័យជំនះនៅក្នុងការប្រណាំងម៉ូតូ GP កម្មវិធី Austrian Motorcycle Grand Prix ដែលធ្វើឡើងនាទីលាន Red Bull Ring ស្ថិតនាទីក្រុង Spielberg ប្រទេសអូទ្រីស។
ជាក់ស្តែង ក្នុងការប្រកួតដែលកីឡាករត្រូវជិះចំនួន ២៨ជុំទីលាន សរុបចម្ងាយផ្លូវប្រមាណ ១២១,៧៤៤ គីឡូម៉ែត្រ កីឡាករ Francesco Bagnaia សមាជិកក្រុម Ducati បានចាយពេលអស់ ៤២នាទី និង ១១វិនាទី ចុច១៧៣។ ឈ្នះជាការឈ្នះទីលានទី៧ហើយ សម្រាប់ម្ចាស់ជើងឯកពិភពលោក២សម័យ ក្នុងការប្រកួតរដូវកាល ២០២៤នេះ។ សម្រាប់ចំណាត់ថ្នាក់លេខ២ បានទៅលើកីឡាករអេស្ប៉ាញ Jorge Martin មកពីក្រុម Ducati ដូចគ្នា ដោយយឺតជាង ៣វិនាទី ចុច២៣២ ហើយចំណាត់ថ្នាក់លេខ៣ ក៏បានទៅលើកីឡាកមកពីក្រុម Ducati ដែរ គឺកីឡាករអ៊ីតាលី Enea Bastianini ដោយយឺតជាង ៧វិនាទីចុច ៣៥៧។
នៅតារាងពិន្ទុសរុបវិញ កីឡាករ Francesco Bagnaia នៅរក្សាចំណាត់ថ្នាក់កំពូលតារាងដដែល ដោយមាន ២៧៥ពិន្ទុ ខណៈកីឡាករ Jorge Martín នៅលេខ២ មាន ២៧០ពិន្ទុ ហើយកីឡាករ Enea Bastianini នៅលេខ៣ មាន ២១៤ពិន្ទុ។
ដោយឡែក សម្រាប់ការប្រកួត Moto 2 វិញ កីឡាករត្រូវជិះតែ២១ជុំទីលាន ហើយជ័យជំនះបានទៅលើកីឡាករអ៊ីតាលី Celestino Vietti មកពីក្រុម Ajo Motorsport។
សម្រាប់ការប្រកួត Moto 3 វិញ កីឡាករត្រូវជិះតែ២០ជុំទីលាន ហើយជ័យជំនះបានទៅលើកីឡាករកូឡុំប៊ី David Alonso មកពីក្រុម CFMOTO Gaviota Aspar។
សូមបញ្ជាក់ថា កម្មវិធី Austrian Motorcycle Grand Prix គឺជាដំណាក់កាលទី ១១ ក្នុងចំណោម២០ នៃការប្រណាំងម៉ូតូ GP ជ្រើសរើសជើងឯកពិភពលោក ប្រចាំរដូវកាល២០២៤។ ការប្រកួតជាបន្តគឺជាកម្មវិធី Aragon Motorcycle Grand Prix ធ្វើឡើងនាទីក្រុង Alcañiz ប្រទេសអេស្ប៉ាញ ថ្ងៃទី១ ខែកញ្ញា ខាងមុខ៕