ការប្រណាំងកង់នារីកម្មវិធី Tour de France Femmes 2024 បានបញ្ចប់ នឹងរកឃើញតំណែងជើងឯកហើយ ក្រោយពីចំណាយពេល១សប្តាហ៍កន្លងមក ដោយមានការប្រកួតចំនួន៨ដំណាក់កាល។
ជាក់ស្តែង នៅដំណាក់កាលទី៨ ដែលជាដំណាក់កាលផ្តាច់ព្រ័ត្រនៃកម្មវិធី ធ្វើឡើងកាលពីថ្ងៃអាទិត្យ ចាប់ផ្តើមពីតំបន់ Le Grand-Bornand ទៅកាន់តំបន់ Alpe d’Huez ភាគអាគ្នេយ៍ប្រទេសបារាំង មានចម្ងាយផ្លូវ ១៤៩,៩ គីឡូម៉ែត្រនោះ គេបានរកឃើញអ្នកឈ្នះនោះគឺកីឡាការិនី ហូឡង់ Demi Vollering មកពីក្រុម SD Worx–Protime ដោយប្រើពេលអស់ ៤ម៉ោង ៣៤នាទី និង១៤វិនាទី។
យ៉ាងណាមិញ តំណែងជើងឯកនៃកម្មវិធីទាំងមូលបានទៅលើកីឡាការិនីប៉ូឡូញ Katarzyna Niewiadoma មកពីក្រុម Canyon–SRAM ដោយការប្រកួតចំនួន ៨ដំណាក់កាលកន្លងមក រូបនាងបានប្រើពេលអស់ ២៤ម៉ោង ៣៦នាទី និង៧វិនាទី។ រីឯកីឡាការិនី Demi Vollering ទោះបានឈ្នះដំណាក់កាលទី៨នេះមែន តែរូបនាងបានទទួលចំណាត់ថ្នាក់លេខ២នៃកម្មវិធី ស្របពេលកីឡាការិនីហូឡង់មួយរូបទៀត គឺកីឡាការិនី Pauliena Rooijakkers មកពីក្រុម Fenix–Deceuninck ទទូលបានចំណាត់ថ្នាក់លេខ៣នៃកម្មវិធីទាំងមូល។
សូមបញ្ជាក់ថា ការប្រណាំងកង់ផ្នែកនារី កម្មវិធី Tour de France Femmes 2024 បានដំណើរការជាលើកទី២២ ហើយនៅក្នុងប្រវត្តិសាស្ត្ររបស់ខ្លួន។ កម្មវិធីប្រកួតឆ្នាំនេះបានឆ្លងកាត់ ៣ប្រទេស មានដូចជាប្រទេស ហូឡង់ បែលហ្ស៊ីក និង បញ្ចប់នៅប្រទេសបារាំង។
កម្មវិធី Tour de France Femmes ក៏ជាទីលានទី២២ ក្នុងចំណោម ២៧ នៃការប្រណាំងកង់ ជ្រើសរើសជើងឯកពិភពលោកផ្នែកនារី UCI Women’s World Tour ប្រចាំរដូវកាល ២០២៤ នេះដែរ៕