ក្លិប Real Madrid បានធ្វើការបដិសេធសំណើ សុំទិញខ្សែការពារ Eder Militao ពីក្លិបនៅលីគកំពូល អារ៉ាប៊ីសាអូឌីត។ នេះបើតាមការប្រកាសអោយដឹងពីសារពត៌មាន Goals។
ក្លិបនៅក្របខណ្ឌ Saudi Pro League ដែលមិនត្រូវបានបញ្ចេញឈ្មោះនោះ បានផ្តល់សំណើ ប្រមាណជា១០០លានអឺរ៉ូ សម្រាប់ការនាំយកកីឡាករប្រេស៊ីល ប៉ុន្តែមិនត្រូវបានក្លិប Real Madrid យល់ព្រមនោះទេ។
Eder Militao ខកខានការប្រកួត ជាច្រើនកាលពីរដូវកាលមុនដោយសាររបួស ACL ហើយរូបគេនៅបន្តព្យាបាលរបួស ប៉ុន្តែក្លិបអធិរាជស នៅតែចាត់ទុករូបគេជាកីឡាករសំខាន់ មួយរូបរបស់ក្រុម ហើយក្លិបនៅមានការប្រុងប្រយ័ត្ន ក្រោយការចាកចេញរបស់ខ្សែការពារ Nacho Fernandez ទៅកាន់ក្លិប Al-Qadsiah នៅអារ៉ាប៊ីសាអូឌីតរួចមក។
ក្រៅពី Eder Militao ហើយ ក្លិបនៅលីគកំពូល អារ៉ាប៊ីសាអូឌីត ទាំងនោះក៏មានបំណង ចង់ផ្ទេរ ខ្សែប្រយុទ្ធប្រេស៊ីល Vinicius Junior ទៅចូលរួមជាមួយពួកគេផងដែរ ជាមួយនឹងតម្លៃខ្លួន រហូតទៅដល់ ១ពាន់លានអឺរ៉ូឯណោះ តែមិនទាន់មានការ សម្រេចចិត្តណាមួយនៅឡើយ។
សូមបញ្ជាក់ថា Eder Militao បានចូលរួមជាមួយ Real Madrid ក្រោយផ្ទេរពីក្លិបព័រទុយហ្កាល់ Porto នៅក្នុងឆ្នាំ២០១៩។ មកទល់ពេលនេះ រូបគេបានបង្ហាញខ្លួន អោយ Real Madrid ចំនួន ១៥៧ដង ស៊ុតបាន១១គ្រាប់ និងបានរួមចំណែកជួយក្រុមឈ្នះពានរង្វាន់ធំៗដូចជា La Liga ៣ដង Copa del Rey ១ដង Supercopa de España ២ដង UEFA Champions League ២ដង UEFA Super Cup ២ដង និង FIFA Club World Cup ១ដងផងដែរ៕