លោក Thierry Henry បានប្រកាសលាលែងពីតំណែងជាគ្រូបង្វឹកក្រុមបាល់ទាត់ជម្រើសជាតិយុវជនបារាំង ក្រោយក្រុមទទួលបានមេដាយប្រាក់ នៅក្នុងព្រឹត្តិការណ៍អូឡាំពិក ឆ្នាំ២០២៤ នាទីក្រុងប៉ារីស។
អតីតខ្សែប្រយុទ្ធ ដែលបានជួយក្រុមបាល់ទាត់ជម្រើសជាតិបារាំងឈ្នះជើងឯក FIFA World Cup 1998 ក្នុងនាមជាកីឡាករ បានអោយដឹងថា ការចាកចេញពីតំណែងជាគ្រូបង្វឹកក្រុមជម្រើជាតិយុវជនបារាំង ដោយសារមានហេតុផលផ្ទាល់ខ្លួន។
ទាក់ទិននឹងរឿងនេះ លោក Thierry Henry វ័យ៤៧ឆ្នាំ បានអោយដឹងថា “ខ្ញុំសូមអរគុណដល់សហព័ន្ធបាល់ទាត់បារាំង FFF ដែលបានផ្តល់ឱកាសដល់រូបខ្ញុំបានដឹកនាំក្រុម។ ខ្ញុំបានជួយក្រុមឈ្នះមេដាយប្រាក់ក្នុងព្រឹត្តិការណ៍ អូឡាំពិក២០២៤ ហើយវានឹងក្លាយជាមោទនភាពដែលខ្ញុំ នឹងចងចាំពីភាពជោគជ័យនេះនៅក្នុងជីវិត។”
ក្រុមជម្រើសជាតិយុវជនបារាំង U-23 ក្រោមការដឹកនាំរបស់ លោក Thierry Henry បានចូលរួមព្រឹត្តិការណ៍អូឡាំពិកឆ្នាំ២០២៤ ដែលពួកគេជាម្ចាស់ផ្ទះ ដោយបានផ្តួលក្រុមអាហ្សង់ទីន និង អេហ្ស៊ីប ប៉ុន្តែក៏បានចាញ់ក្រុមអេស្ប៉ាញនៅវគ្គផ្តាច់ព្រ័ត្រ ដោយលទ្ធផល ៥-៣ ដើម្បីទទួលបានមេដាយប្រាក់។
ដោយឡែក សហព័ន្ធបាល់ទាត់បារាំង FFF បានថ្លែងអំណរគុណ ចំពោះ លោក Thierry Henry ហើយពួកគេក៏បានចាប់ផ្តើមស្វែងរក គ្រូបង្វឹកថ្មី ដើម្បីមកដឹកនាំក្រុមយុវជន សម្រាប់វគ្គជម្រុះ UEFA Euro 2025 U-21។
លោក Thierry Henry អតីតសមាជិកក្លិប Arsenal និង Barcelona មានបទពិសោធជាគ្រូបង្វឹកដឹកនាំក្លិបដែលរូបលោកធ្លាប់ប្រកបអាជីពជាកីឡាករជាមួយ គឺក្លិប Monaco រួមទាំងបានដឹកនាំក្លិប Montreal Impact នៅលីគកំពូលអាមេរិកដែរ។ លោកក៏ធ្លាប់ធ្វើជាជំនួយការគ្រូបង្វឹក លោក Roberto Martínez នៅក្រុមជម្រើសជាតិបែលហ្ស៊ីក ផងដែរ៕