ខ្សែបម្រើ Ilkay Gündogan បានសម្រេចចូលនិវត្តន៍ពីការប្រកួតអន្តរជាតិជាមួយក្រុមបាល់ទាត់ជម្រើសជាតិអាល្លឺម៉ង់។ នេះបើតាមការប្រកាសអោយដឹងពីកីឡាករវ័យ៣៣ឆ្នាំ។
សមាជិកក្លិប Barcelona បានបង្ហាញខ្លួន ៨២ដង ស៊ុតបាន១៩គ្រាប់ អោយក្រុមឥន្ទ្រីយ៍ដែក ចាប់តាំងពីបង្ហាញខ្លួននៅឆ្នាំ២០១១មក។
ជុំវិញការប្រកាសចូលនិវត្តន៍ពីក្រុមអាល្លឺម៉ង់នេះ Ilkay Gündogan សរសេរអោយដឹងលើគណនីបណ្តាញសង្គមរបស់ខ្លួនថា “ក្រោយពីការពិចារណា ជាច្រើនសប្តាហ៍មក ខ្ញុំបានសម្រេចចិត្ត ថាវាដល់ពេលដែលខ្ញុំត្រូវចាកចេញពីក្រុមជម្រើសជាតិហើយ។ ខ្ញុំពិតជាមានមោទភាព ដែលបានបង្ហាញខ្លួន ជួយក្រុមជម្រើសជាតិរបស់ខ្ញុំ ហើយខ្ញុំពិតជាមានកិត្តិយសណាស់ ដែលបានរួមចំណែកសាងប្រវត្តិសាស្ត្រ ដ៏អស្ចារ្យក្នុងជីវិត។”
ការចូលនិវត្តន៍របស់ Ilkay Gündogan បានកើតឡើងបន្តគ្នា ក្រោយការប្រកាសចាកចេញរបស់ ខ្សែប្រយុទ្ធ Thomas Müller ក្រោយចប់ព្រឹត្តិការណ៍ UEFA Euro 2024 ដែលអាល្លឺម៉ង់ជាម្ចាស់ផ្ទះ ហើយត្រូវបានទម្លាក់ចេញពីការប្រកួតនៅវគ្គ៨ក្រុមចុងក្រោយក្រោមថ្វីជើងក្រុមអេស្ប៉ាញ។
ដោយឡែក អាជីពរបស់ Ilkay Gündogan ជាមួយក្លិប Barcelona ក៏មិនទាន់ច្បាស់លាស់ដែរ ខណៈភាគីទាំងសងខាងកំពុងពិភាក្សា ពីអនាគតរបស់គេជាមួយក្លិប។
តាមការរាយការណ៍ពីសារពត៌មាននៅអេស្ប៉ាញ អោយដឹងថា Ilkay Gündogan បានបង្ហាញពីបំណងចាកចេញពីក្លិបអ្នកមានបុណ្យ នៅមុនពេលទីផ្សារដោះដូរកីឡាកររដូវក្តៅនេះបិទទ្វារ។ Gündogan បានចូលរួមជាមួយ Barcelona ទើបបាន១ឆ្នាំក្រោយ ក្រោយចាកចេញពី Man City កាលពីឆ្នាំ២០២៣។ ទោះយ៉ាងណា គ្រូបង្វឹក Barcelona លោក Hansi Flick មានការជឿជាក់ថា លោកនឹងអាចបញ្ចុះបញ្ចូលអោយ Ilkay Gündogan បន្តលេងជាមួយក្លិបរដូវកាលនេះទៀត៕