×

Lionel Messi អវត្តមានពីក្រុមជម្រើសជាតិអាហ្សង់ទីនក្នុងវគ្គជម្រុះ FIFA World Cup 2026 ព្រោះរបួស

ប្រធានក្រុម Lionel Messi មិនត្រូវបានបញ្ចូលឈ្មោះ ក្នុងក្រុមបាល់ទាត់ជម្រើសជាតិអាហ្សង់ទីន សម្រាប់យុទ្ធនាការ ការប្រកួតវគ្គជម្រុះ ពានរង្វាន់ FIFA World Cup 2026 តំបន់អាមេរិកខាងត្បូងនោះទេ ព្រោះបញ្ហារបួស។ នេះបើតាមការប្រកាសអោយដឹងពីសមាគមបាល់ទាត់អាហ្សង់ទីន។

ខ្សែប្រយុទ្ធ វ័យ ៣៧ឆ្នាំមិនត្រូវបានបញ្ចូលឈ្មោះក្នុងសមាសភាព ២៨នាក់ ដោយសារ រូបគេនៅបន្តមានបញ្ហារបួស កជើង ដែលកើតឡើង កាលពីការប្រកួតវគ្គផ្តាច់ព្រ័ត្រ ពានរង្វាន់ Copa América 2024 ដែលអាហ្សង់ទីនឈ្នះកូឡុំប៊ី នៅទឹកដីអាមេរិក ដើម្បីក្លាយជាម្ចាស់ជើងឯកពានរង្វាន់ទ្វីបអាមេរិកខាងត្បូង ជាលើកទី១៦។

សមាជិកក្លិប Inter Miami បច្ចុប្បន្នកំពុងសម្រាកព្យាបាលរបួសជាមួយនឹងក្លិបរបស់គេ នៅឡើយ។

ក្រៅពី Lionel Messi ហើយ ក្រុមជម្រើសជាតិអាហ្សង់ទីនក៏នឹងមិនមានវត្តមានអ្នកចាំទី Franco Armani មកពីក្លិបអាហ្សង់ទីន River Plate រួមទាំងមិនមានវត្តមានរបស់ខ្សែប្រយុទ្ធ Angel Di Maria ដែលប្រកាសចូលនិវត្តន៍ពីការប្រកួតអន្តរជាតិ ក្រោយចប់ព្រឹត្តិការណ៍ Copa América 2024 ។

ដូច្នេះហើយ គ្រូបង្វឹកក្រុមអាហ្សង់ទីន លោក Lionel Scaloni បានសម្រេចកោះហៅកីឡាករយុវជនជាលើកដំបូង ដែលមានដូចជា ខ្សែបម្រើ Ezequiel Fernandez និង ខ្សែប្រយុទ្ធ Valentin Castellanos រួមទាំងកីឡាករក្មេងៗដទៃទៀតដូចជា Alejandro Garnacho, Valentin Carboni, Valentin Barco និង Matias Soule ជាដើម។

សូមបញ្ជាក់ថា ក្រុមអាហ្សង់ទីន មានការប្រកួតជម្រុះ ពានរង្វាន់បាល់ទាត់ពិភពលោក FIFA World Cup 2026 តំបន់អាមេរិកខាងត្បូង ចំនួន២ប្រកួតនៅខែកញ្ញាខាងមុខ គឺប៉ះ ក្រុមឈីលី នៅថ្ងៃទី ៥ ខែកញ្ញា រួចបន្តជួបក្រុមកូឡុំប៊ី នៅ៥ថ្ងៃបន្ទាប់ពីនោះ៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង