អ្នកចាំទី Manuel Neuer បានប្រកាសចូលនិវត្តន៍ពីអាជីពអន្តរជាតិ ជាមួយក្រុមបាល់ទាត់ជម្រើសជាតិអាល្លឺម៉ង់។
កីឡាករ វ័យ ៣៨ឆ្នាំ បានចូលលេងអោយក្រុមឥន្ទ្រីយ៍ដែក តាំងពីឆ្នាំ ២០០៩ ដោយមកទល់ពេលនេះ រូបគេបានបង្ហាញខ្លួនចំនួន ១២៤ដង ដោយក្នុងនោះរួមមានការបង្ហាញខ្លួនក្នុងព្រឹត្តិការណ៍ធំៗចំនួន៨ដង ។
Manuel Neuer បានរួមចំណែកជួយអាល្លឺម៉ង់ ឈ្នះពានរង្វាន់ FIFA World Cup 2014 ហើយរូបគេក៏បានឈ្នះពានរង្វាន់ស្រោមដៃមាស ក្នុងព្រឹត្តិការណ៍បាល់ទាត់ពិភពលោកនាពេលនោះផងដែរ។
ការបង្ហាញខ្លួនចុងក្រោយរបស់ Manuel Neuer អោយក្រុមអាល្លឺម៉ង់ គឺនៅក្នុងព្រឹត្តិការណ៍ UEFA Euro 2024 ដែលអាល្លឺម៉ង់ជាម្ចាស់ផ្ទះ និង បានបរាជ័យដោយលទ្ធផល ២-១ ក្រោមថ្វីជើងក្រុមអេស្ប៉ាញ នៅវគ្គ៨ក្រុមចុងក្រោយ។
នៅក្នុងការប្រកាសពីការចូលនិវត្តន៍ពីក្រុមអាល្លឺម៉ង់ Manuel Neuer បានអោយដឹងថា “នេះជាការសម្រេចចិត្តដ៏លំបាកនៅក្នុងអាជីព គឺការចាកចេញពីក្រុមអាល្លឺម៉ង់។ ប៉ុន្តែ ខ្ញុំយល់ថាវាគួរតែដល់ពេលដ៏សមគួរហើយ ដែលខ្ញុំត្រូវធ្វើបែបនេះ។”
សម្រាប់សហព័ន្ធបាល់ទាត់អាល្លឺម៉ង់វិញ ក៏បានចេញសេចក្តីថ្លែងការណ៍ អរគុណ រាល់ការខិតខំ និង ការលះបង់របស់ Manuel Neuer ក្នុងការជួយក្រុមនាពេលកន្លងមក។
ការប្រកាសចូលនិវត្តន៍ពីក្រុមជម្រើសជាតិអាល្លឺម៉ង់របស់ Manuel Neuer គឺ បន្ទាប់ការប្រកាសចូលនិវត្តន៍របស់កីឡាករជើងចាស់ផ្សេងទៀតដូចជា ខ្សែបម្រើ Ilkay Gundogan និង ខ្សែបម្រើ Toni Kroos ដែលសុទ្ធតែកើតឡើងបន្ទាប់ពីចប់ព្រឹត្តិការណ៍ UEFA Euro 2024 ។
ដោយឡែក បើទោះជាបញ្ចប់អាជីពជាមួយក្រុមជម្រើសជាតិក៏ពិតមែន ប៉ុន្តែអាជីពជាមួយក្លិប Bayern Munich របស់ Manuel Neuer នៅតែបន្តកើតឡើង ដោយរូបគេបានបន្លាយកុងត្រាជាមួយក្លិបរហូតដល់ឆ្នាំ២០២៥ឯណោះ៕