ខ្សែការពារ Josip Stanisic របស់ក្លិប Bayern Munich នឹងត្រូវអវត្តមានជាច្រើន ក្រោយជួបបញ្ហារហែកសរសៃជង្គង់ខាងស្តាំ។
កីឡាករក្រូអាត វ័យ២៤ឆ្នាំ ទើបតែត្រឡប់មករួមក្លិប Bayern Munich វិញ ក្រោយបញ្ចប់ការលេងជាកីឡាករខ្ចីជើងអោយក្លិប Bayer Leverkusen កាលពីរដូវកាល ២០២៣-២៤ ដោយបានរួមចំណែកជួយក្លិបឈ្នះជើងឯកលីគកំពូលអាល្លឺម៉ង់នៅរដូវកាលនោះផងដែរ។
របួសរបស់ Josip Stanisic បានកើតឡើងអំឡុងពេលរូបគេធ្វើការហ្វឹកហាត់ ដើម្បីត្រៀមការប្រកួតរដូវកាលថ្មី ២០២៤-២៥។ យ៉ាងណា ពេលនេះរូបគេបានធ្វើការវះកាត់ព្យាបាលរបួសរួចហើយ ប៉ុន្តែរបួសនេះ តម្រូវអោយរូបគេ ត្រូវសម្រាកព្យាបាលនៅក្រៅទីលាន ជាច្រើនខែ។
Josip Stanisic បានចូលលេងពេញ ៩០នាទី អោយ Bayern Munich ក្នុងការប្រកួតឈ្នះក្រុម SSV Ulm ក្នុងជំនួបជុំទី១ ពានរង្វាន់ DFB-Pokal កាលពីថ្ងៃទី ១៦ ខែសីហា កន្លងទៅ។
សូមបញ្ជាក់ថា Josip Stanisic ជាកីឡាករដំឡើងមកពីថ្នាលយុវជន មកលេងអោយក្រុមឈុតធំ Bayern Munich នៅក្នុងឆ្នាំ២០២០ ដោយមកទល់ពេលនេះ រូបគេបានបង្ហាញខ្លួនចំនួន ៤២ដង ស៊ុតបាន១គ្រាប់។ រូបគេបានរួមចំណែកជួយ Bayern Munich ឈ្នះពានរង្វាន់ Bundesliga ៣ដង និង DFL-Supercup ២ដងផងដែរ។
ដោយឡែក រដូវកាលថ្មី ២០២៤-២៥ នៃការប្រកួតក្របខណ្ឌកំពូលអាល្លឺម៉ង់ Bundesliga នឹងចាប់ផ្តើមនៅចុងសប្តាហ៍នេះ ខណៈ Bayern Munich នឹងធ្វើដំណើរទៅជួប Vfl Wollfsburg ៕