ខ្សែបម្រើ Luka Modric របស់ក្លិប Real Madrid ត្រូវបានក្រុមបាល់ទាត់ជម្រើសជាតិក្រូអាតកោះហៅ សម្រាប់ការប្រកួតបើកឆាកយុទ្ធនាការពានរង្វាន់ UEFA Nations League។
Luka Modric ដែលជាប្រធានក្រុម Real Madrid នឹងបានឈានចូលដល់វ័យ ៣៩ឆ្នាំ នៅខែកញ្ញាខាងមុខនេះ បានបង្ហាញខ្លួន ១៧៨លើក សម្រាប់ក្រុមជម្រើសជាតិក្រូអាត ដោយបានបង្ហាញខ្លួនលើកដំបូង ក្នុងវ័យ ២០ឆ្នាំកាលពីឆ្នាំ២០០៦។
បន្ទាប់ពីការធ្លាក់ចេញរបស់ក្រុមក្រូអាត នៅវគ្គសន្សំពិន្ទុតាមពូលនៃព្រឹត្តិការណ៍ UEFA Euro 2024 នោះ ក៏មានចោទសួរពីលទ្ធភាពរបស់ Luka Modric ក្នុងការបន្តលេងជាមួយក្រុមរហស្សនាមក្រឡាអុកតទៅទៀត។
ទោះយ៉ាងណា បន្ទាប់ពី មិត្តរួមក្រុមជម្រើសជាតិក្រូអាត ខ្សែការពារ Domagoj Vida និងខ្សែបម្រើ Marcelo Brozovic បានប្រកាសចូលនិវត្តន៍ពីក្រុមជម្រើសជាតិព្រមៗគ្នា រួចមក ទើប Luka Modric សម្រេចចិត្តថា រូបគេនឹងបន្តជួយក្រុមតទៅទៀត។
ជុំវិញរឿងនេះដែរ គ្រូបង្វឹកក្រុមក្រូអាត លោក Zlatko Dalic បាននិយាយថា លោកមានភាពរីករាយ ដែលក្រុមនៅបន្តមានកីឡាករជើងចាស់ដូចជា Luka Modric។ ប្រធានក្រុមរូបនេះ គឺជាកម្លាំងដ៏សំខាន់ និង រឹងមាំ សម្រាប់ក្រុមក្រូអាតនៅលើទីលាន។
Luka Modric ដែលទើបតែបន្លាយកុងត្រា១ឆ្នាំទៀតជាមួយ ក្លិប Real Madrid បានបង្ហាញខ្លួនគ្រប់ការប្រកួតរបស់ក្រូអាតនៅក្នុងព្រឹត្តិការណ៍ UEFA Euro 2024។
សូមបញ្ជាក់ដែរថា ក្រុមជម្រើសជាតិក្រូអាត នឹងត្រូវទៅជួបព័រទុយហ្គាល់ នៅថ្ងៃទី០៥ ខែកញ្ញាខាងមុខ សម្រាប់ព្រឹត្តិការណ៍ UEFA Nations League មុនពេលធ្វើជាម្ចាស់ផ្ទះទទួលក្រុមភ្ញៀវប៉ូឡូញ នៅ៣ថ្ងៃបន្ទាប់ពីនោះ៕