×

អ្នកចាំទី Thibaut Courtois ថា នឹងមិនលេងអោយក្រុមជម្រើសជាតិបែលហ្ស៊ីក ក្រោមការដឹកនាំរបស់គ្រូបង្វឹក Domenico Tedesco

អ្នកចាំទី Thibaut Courtois បានប្រកាសថា រូបគេនឹងមិនលេងអោយក្រុមបាល់ទាត់ជម្រើសជាតិបែលហ្ស៊ីក ក្រោមការដឹកនាំរបស់គ្រូបង្វឹក លោក Domenico Tedesco ទៀតទេ។

កីឡាករវ័យ៣២ឆ្នាំដែលត្រូវបានចាត់ទុកថាជាអ្នកចាំទីល្អបំផុតក្នុងពិភពលោក មិនត្រូវបានជ្រើសរើសក្នុងក្រុមបែលហ្ស៊ីក សម្រាប់ព្រឹត្តិកាណ៍ UEFA Euro 2024 បន្ទាប់ពីមានជម្លោះជាមួយលោក Tedesco កាលពីឆ្នាំមុន។ រូបគេត្រូវបានជំនួសដោយអ្នកចាំទី Koen Casteels ។

ជុំវិញរឿងនេះ Courtois បានអះអាងដូច្នេះ “ខ្ញុំមានកិត្តិយសក្នុងការពាក់អាវជម្រើសជាតិបែលហ្ស៊ីក ប៉ុន្តែជាអកុសល បន្ទាប់ពីមានបញ្ហាជាមួយគ្រូបង្វឹក ខ្ញុំបានសម្រេចចិត្តមិនត្រលប់ទៅក្រុមជម្រើសជាតិបែលហ្ស៊ីក ក្រោមការគ្រប់គ្រងរបស់លោក Domenico Tedesco ទេ។”

សមាជិកក្លិប Real Madrid បានបន្តថា “នៅក្នុងបញ្ហានេះ ខ្ញុំទទួលយកចំណែកនៃការទទួលខុសត្រូវរបស់ខ្ញុំ។ យ៉ាងណា ការទន្ទឹងរង់ចាំ ការខ្វះទំនុកចិត្តរបស់ខ្ញុំចំពោះលោក Tedesco នឹងមិនធ្វើអោយខ្ញុំចង់បន្តលេងតទៅទៀតទេ។”

ដោយឡែក ចំពោះយុទ្ធសាស្ត្ររបស់លោក Domenico Tedesco បានចោទជាសំណួរថាតើ រូបលោកជាមនុស្សត្រឹមត្រូវសម្រាប់ការងារដឹកនាំក្រុមបែលហ្ស៊ីកឬយ៉ាងណា បន្ទាប់ពីក្រុមត្រូវបានទម្លាក់ដោយក្រុមបារាំង ក្នុងវគ្គ ១៦ ក្រុមចុងក្រោយនៃព្រឹត្តិការណ៍ UEFA Euro 2024។

គ្រូបង្វឹកជនជាតិអាល្លឺម៉ង់ ដើមកំណើតអ៊ីតាលី បានចាប់ផ្តើមកាន់តំណែងជាគ្រូបង្វឹកក្រុមបែលហ្ស៊ីក នៅក្នុងខែកុម្ភៈឆ្នាំ២០២៣ ហើយបានចុះហត្ថលេខាលើកិច្ចសន្យាបន្តមុនពេលចាប់ផ្តើមនៃព្រឹត្តិការណ៍ UEFA Euro 2024។

ទោះជាយ៉ាងណាក៏ដោយ ក្រុមបែលហ្ស៊ីកដែលបានកាន់តំណែងជិត ៣ ឆ្នាំនៅលើកំពូលតារាងចំណាត់ថ្នាក់ពិភពលោក និងឈានដល់វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រនៃការប្រកួតបាល់ទាត់ពិភពលោកឆ្នាំ ២០១៨ បានទទួលលទ្ធផលមិនសូវល្អនោះទេនៅក្រោមការដឹកនាំរបស់លោក Domenico Tedesco៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង