ខ្សែប្រយុទ្ធ Paulo Dybala បានសម្រេចធ្វើការបដិសេធ សំណើផ្ទេរពីក្លិបនៅលីគកំពូលអារ៉ាប៊ីសាអូឌីត Al Qadsiah ដោយជ្រើសរើសលេងជាមួយក្លិបអ៊ីតាលី AS Roma បន្តទៀត។
កីឡាករអាហ្សង់ទីន វ័យ៣០ឆ្នាំ បានបដិសេធសំណើប្រាក់ឈ្នួលពលកម្មប្រមាណ ៧៥ លានអឺរ៉ូ រយៈពេល៣ឆ្នាំ ពីសំណាក់ក្លិប នៅក្របខណ្ឌ Saudi Pro League បើទោះជារូបគេស្ថិតនៅឆ្នាំចុងក្រោយនៃកិច្ចសន្យាជាមួយក្លិប AS Roma ស្របពេលក្លិបបានបង្ហាញគំនិតចេញចង់លក់រូបគេផងដែរ។
វាត្រូវបានគេយល់ថា ទាំងសាមីកីឡាករ និង គ្រួសាររបស់គេ មិនចាប់អារម្មណ៍ក្នុងការទៅរស់នៅប្រទេសអារ៉ាប៊ីសាអូឌីតនោះទេ បើទោះជាមានសំណើផ្តល់ប្រាក់ឈ្នួលដល់រូបគេយ៉ាងច្រើនក្តី។
ទោះបីជារដូវកាលចុងក្រោយអាចនិងផុតកំណត់ ប៉ុន្តែអតីតកីឡាករ Juventus រូបនេះអាចនិងត្រូវបានក្លិប AS Roma បន្តកុងត្រាថ្មីដោយស្វ័យប្រវត្តិ ប្រសិនជារូបគេចូលលេងបាន យ៉ាងហោចណាស់ ១៥ ប្រកួតជាផ្លូវការណ៏នៅរដូវកាលនេះ។
បន្ថែមពីលើនេះទៀត Dybala និងទទួលបានប្រាក់ឈ្នួលប្រមាណ ៧.៥ លានអឺរ៉ូ បូករួមទាំងប្រាក់រង្វាន់លើកទឹកចិត្តបន្ថែមទៀត។
ចាប់តាំងពីចូលរួមជាមួយ Roma ក្នុងឆ្នាំ ២០២២ មក Dybala បានក្លាយជាកីឡាករសំខាន់ ដោយស៊ុតបាន ៣៤ គ្រាប់ និង ចែកបាល់សម្រេចទី ១៨ដងក្នុងការបង្ហាញខ្លួន ៧៨ ប្រកួត។
ដោយឡែក ក្លិប Al Qadsiah ដែលទើបឡើងមកកាន់លីគកំពូលអារ៉ាប៊ីសាអូឌីតនោះ បានបង្កព្យុះភ្លៀង ក្នុងការនាំយកកីឡាករល្បីៗជាច្រើនរូបមកហើយ ពីក្លិបនៅតំបន់អឺរ៉ុប។ ជាក់ស្តែង ពួកគេបាននាំយក Nacho Fernandez ពី Real Madrid, អ្នកចាំទី Koen Casteels ពី Wolfsburg និង Pierre Emerick Aubameyang ពី Marseille ផងដែរ៕