×

Jude Bellingham ទំនងមិនអាចជួយអង់គ្លេសនៅ UEFA Nations League ព្រោះរបួស

ខ្សែបម្រើ Jude Bellingham បានរងរបួសកំភួនជើងក្នុងកំឡុងហ្វឹកហាត់ ដែលទំនងជាមិនអាចជាសះស្បើយទាន់ពេលវេលា ដើម្បីជួយក្រុមបាល់ទាត់ជម្រើសជាតិអង់គ្លេសក្នុងការប្រកួតពានរង្វាន់ UEFA Nations League នាដើមខែកញ្ញា ឆ្នាំ២០២៤ បានទេ។

បើតាមការចេញផ្សាយរបស់សារពត៌មាន BBC បានអោយដឹងថា របួសនេះមិនទាន់ច្បាស់ថានៅពេលណាទើបជាសះស្បើយទេ ព្រោះត្រូវការពិនិត្យបន្ថែម ប៉ុន្តែកីឡាករ ក្លិប Real Madrid រូបនេះ ទំនងជាត្រូវការពេលវេលារហូតដល់ចុងខែកញ្ញា ទើបអាចជាសះស្បើយ។

អង់គ្លេសនឹងមានការប្រកួតក្នុងពានរង្វាន់ UEFA Nations League ចំនួន២នៅក្នុងខែកញ្ញាខាងមុខ គឺការប្រកួតទល់ សាធារណរដ្ឋអៀរឡង់ នៅថ្ងៃទី៧ ខែកញ្ញា និងមួយប្រកួតទៀតនៅថ្ងៃទី១០ ខែកញ្ញា ដែលនឹងត្រូវប៉ះ ក្រុមហ្វាំងឡង់ ។

ដោយសារស្ថានភាពរបួស និងពេលវេលាដែលត្រូវប្រកួតជាក់ស្ដែងធ្វើអោយមានការវាយតម្លៃបានថា Jude Bellingham នឹងអវត្តមានក្នុងក្រុមជម្រើសជាតិអង់គ្លេសសម្រាប់ពានរង្វាន់ UEFA Nations League ខែក្រោយនេះ។

ជាមួយនឹងការរងរបួសនេះដែរ Jude Bellingham បាននិយាយថា “គ្មានអ្វីដែលធ្វើអោយខ្ញុំស្អប់ជាងការអវត្តមានក្នុងការប្រកួតនោះទេ ប៉ុន្តែរាងកាយរបស់ខ្ញុំវាបានប្រាប់ខ្ញុំថា វាត្រូវការពេលវេលាដើម្បីសម្រាកខ្លះ ក្រោយឆ្លងកាត់ការប្រកួតជាច្រើនរួចមក។”

Jude Bellingham បានបង្ហាញខ្លួន ៤២ដង ស៊ុតបាន ២៣គ្រាប់ និងបានជួយ Real Madrid ឈ្នះពានរង្វាន់ La Liga និង UEFA Champions League ផងដែរ។

ដោយឡែក ក្រុមជម្រើសជាតិអង់គ្លេសបច្ចុប្បន្នមិនទាន់មានគ្រូបង្វឹកអចិន្ត្រៃយ៍នោះទេ ចាប់តាំងពីការលាលែងពីតំណែងរបស់លោក Gareth Southgate ក្រោយចប់ព្រឹត្តិការណ៍ UEFA Euro 2024 រួចមក ដោយក្រុមស្ថិតក្រោមការដឹកនាំរបស់គ្រូបង្វឹកបណ្តោះអាសន្ន លោក Lee Carsley៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង