អតីតខ្សែបម្រើ Real Madrid និង Everton កីឡាករ James Rodriguez បានវិលត្រឡប់ទៅកាន់ក្របខណ្ឌ La Liga សារជាថ្មីម្តងទៀត ដោយយល់ព្រមផ្ទេរទៅកាន់ក្លិប Rayo Vallecano។
កីឡាករកូឡុំប៊ី មិនមានក្លិបលេងមួយរយៈមកហើយ ក្រោយចាកចេញពីក្លិបប្រេស៊ីល Sao Paulo នៅរដូវក្តៅនេះ ហើយក្រោយមករូបគេក៏បានប្រកាសថាចង់វិលត្រឡប់លេងអោយក្លិបក្នុងតំបន់អឺរ៉ុបជាថ្មី។
James Rodriguez ធ្លាប់ជាសមាជិករបស់ Real Madrid ហើយការចូលរួមជាមួយនឹង Rayo Vallecano ក៏ជាការវិលត្រឡប់ទៅកាន់ទីក្រុង Madrid ជាថ្មីសម្រាប់រូបគេ។ កីឡាករវ័យ ៣៣ឆ្នាំ បានយល់ព្រមលើកិច្ចព្រមព្រៀងរយៈពេល១ឆ្នាំជាមួយក្លិប Rayo Vallecano អមដោយជម្រើសបន្តកិច្ចសន្យារយៈពេល ១២ខែ បន្ថែមទៀត។
នៅក្នុងការកា្លយជាសមាជិក ក្លិប Rayo Vallecano សាមីកីឡាករ បានបង្ហាញចំណាប់អារម្មណ៍ថា “រូបខ្ញុំមានការសប្បាយចិត្តដែលបានមកកាន់ទឹកដីអេស្ប៉ាញម្តងទៀត និង បានចូលរួមជាមួយក្លិបថ្មី Rayo Vallecano។ ខ្ញុំនឹងប្រើសមត្ថភាពរបស់ខ្ញុំជួយក្លិបទទួលបានជោគជ័យ។”
សមត្ថភាពរបស់ Rodriguez ត្រូវបានក្លិបក្នុងតំបន់អឺរ៉ុបចាប់អារម្មណ៍ឡើងវិញ ក្រោយពេលឃើញរូបគេបង្ហាញទម្រង់លេងល្អខ្លាំងក្នុងពានរង្វាន់ Copa America 2024 កន្លងទៅ។
រូបគេបានជួយក្រុមជម្រើសជាតិកូឡុំប៊ីឡើងវគ្គផ្តាច់ព្រ័ត្រ ហើយបើទោះជាក្រុមមិនបានឈ្នះជើងឯកដោយចាញ់ក្រុមអាហ្សង់ទីនក្តី ប៉ុន្តែ Rodriguez បានជាប់ឈ្មោះជាកីឡាករឆ្នើមប្រចាំព្រឹត្តិការណ៍ផងដែរ។
James Rodriguez បានបង្ហាញការលេងយ៉ាងអស្ចារ្យ ក្នុងព្រឹត្តិការណ៍ FIFA World Cup 2014 ដោយបានឈ្នះស្បែកជើងមាស។ រូបគេបានទទួលការចាប់អារម្មណ៍យ៉ាងខ្លាំង នៅអំឡុងពេលនោះ ដែលនាំអោយឈានដល់ការចូលរួមជាមួយ Real Madrid។
ការលេងជាមួយក្លិប Real Madrid កន្លងមក James Rodriguez បានបង្ហាញខ្លួន១២៥ដង ស៊ុតបាន ៣៧គ្រាប់ និងរួមចំណែកជួយក្រុមឈ្នះពានរង្វាន់ជាច្រើនរួមមាន La Liga ចំនួន ២លើក, UEFA Champions League ១លើក មុនពេលរូបគេបានចាកចេញពីក្លិបអធិរាជស ទៅបន្តលេងអោយក្លិបនានាដូចជា Everton, Al-Rayyan, Olympiacos និង São Paulo ។ យ៉ាងណា ក្រោយពេលចាកចេញពី Real Madrid រួចមក James Rodriguez បន្តធ្លាក់ទម្រង់លេង មុនពេលអាចកសាងកេរ្តិ៍ឈ្មោះឡើងវិញ អំឡុងការប្រកួតក្នុងពានរង្វាន់ Copa America ឆ្នាំ ២០២៤៕