ក្លិប Paris Saint Germain ត្រូវបានស្ថាប័នលីគបាល់ទាត់អាជីពបារាំង LFP បើកការស៊ើបអង្កេតទៅលើករណីដែលពួកគេមិនបានបង់ប្រាក់ឈ្នួលចំនួន២ខែ រួមទាំងប្រាក់លើកទឹកចិត្តផ្សេងៗ ជាង ៥៥លានអឺរ៉ូ ទៅកាន់ខ្សែប្រយុទ្ធ Kylian Mbappe។
កាលពីថ្ងៃទី២១ ខែសីហា កាសែតបារាំង L’Equipe បានចុះថា កីឡាករវ័យ ២៥ឆ្នាំ មិនទាន់ទទួលបានប្រាក់ខែ និងប្រាក់ឧបត្ថម្ភលើកទឹកចិត្តរបស់គេពីក្លិប Paris Saint Germain នៅឡើយ ចាប់តាំងពីខែមេសាមក។ ភ្នាក់ងារផ្នែកផ្លូវច្បាប់របស់ Mbappe ធ្លាប់បានដាក់កំហិតអោយក្លិប Paris Saint Germain ផ្តល់ប្រាក់ឈ្នួលមកកីឡាករនៅត្រឹម ថ្ងៃទី ៣០ ខែមិថុនា ប៉ុន្តែក្លិបបារាំងមិនបានអនុវត្តន៍ឡើយ ទើបមានការចាត់វិធានការតាមផ្លូវច្បាប់តែម្តង។
ឥឡូវនេះ ស្ថាប័ន LFP បានបើកការស៊ើបអង្កេតទៅលើករណីរបស់ Kylian Mbappe ដែល អះអាងថាក្លិប Paris Saint Germain បានជំពាក់ប្រាក់ឈ្នួល និង ប្រាក់លើកទឹកចិត្តចំនួន ៥៥លានអឺរ៉ូ។ ឯកសារជាប់ពាក់ព័ន្ធជាច្រើន ត្រូវបានយកមកស៊ើបអង្កេត ហើយភាគីទាំងកីឡាករ និងក្លិប នឹងត្រូវកោះហៅអោយចូលបំភ្លឺក្នុងពេលខាងមុខ។
បច្ចុប្បន្ន Kylian Mbappe បានចូលរួមជាមួយនឹងក្លិបអេស្ប៉ាញ Real Madrid ក្នុងនាមជាកីឡាករគ្មានតម្លៃខ្លួន ក្រោយពេលរូបគេផុតកិច្ចសន្យាជាមួយនឹងក្លិប PSG រួចមក កាលពីខែមិថុនា។
បង្ហាញខ្លួនអោយ Real Madrid លើកដំបូងភ្លាម Kylian Mbappe បានរកគ្រាប់បាល់ជួយក្លិបអធិរាជស ឈ្នះ Atalanta ដើម្បីក្លាយជាជើងឯក UEFA Super Cup 2024 ដែលជាការឈ្នះជាលើកទី៦ នៅក្នុងប្រវត្តិសាស្ត្ររបស់ក្លិប។ បន្ទាប់ Mbappe បានបង្ហាញខ្លួន ២ប្រកួត ក្នុងក្របខណ្ឌ La Liga ប៉ុន្តែគេនៅមិនទាន់អាចរកគ្រាប់បានគ្រាប់បាល់ទៀតនៅឡើយទេ សម្រាប់ Real Madrid។
Kylian Mbappe នឹងត្រូវបង្ហាញបន្តទៀតជាមួយក្លិប Real Madrid ក្នុងក្របខណ្ឌ La Liga ដោយត្រូវប្រជែងទល់ Las Palmas នៅថ្ងៃទី២៩ ខែសីហា ខាងមុខនេះ នាកីឡដ្ឋាន Gran Canaria ៕