ខ្សែប្រយុទ្ធ Cristiano Ronaldo បាននិយាយថា រូបគេគ្មានបំណងក្លាយជាគ្រូបង្វឹកនោះទេ ក្រោយបញ្ចប់អាជីពជាកីឡាករបាល់ទាត់ ហើយពេលចូលនិវត្តន៍ពីក្រុមជម្រើសជាតិព័រទុយហ្កាល់រូបគេក៏មិនប្រកាសអោយដឹងមុនដែរ។
កីឡាករវ័យ ៣៩ឆ្នាំ កំពុងមានអាជីពដ៏រីករាយជាមួយក្លិបនៅលីគកំពូលអារ៉ាប៊ីសាអូឌីត Al Nassr។ ទោះជាមានវ័យជ្រេមែន ប៉ុន្តែ Ronaldo នៅតែជាប់ឈ្មោះក្នុងក្រុមជម្រើសជាតិព័រទុយហ្កាល់ សម្រាប់ការប្រកួតពានរង្វាន់ UEFA Nations League ក្រោមការដឹកនាំរបស់គ្រូបង្វឹកលោក Roberto Martinez។ Ronaldo បាននិយាយអំពីរឿងថាអនាគតថា រូបគេនៅតែមានបំណងចង់បន្តលេងអោយព័រទុយហ្កាល់ ប៉ុន្តែបើត្រូវចូលនិវត្តន៍ពីក្រុមជម្រើសជាតិរូបគេនឹងមិនប្រកាសអោយដឹងមុនទេ។ បន្ថែមពីនេះ ពេលបញ្ចប់អាជីពជាកីឡាករ Ronaldo ក៏មិនមានបំណងក្លាយជាគ្រូបង្វឹកដែរ។
ជុំវិញរឿងនេះ Cristiano Ronaldo បានអោយដឹងថា “នៅពេលដែលខ្ញុំសម្រេចចាកចេញពីក្រុមជម្រើសជាតិ ខ្ញុំនឹងមិនប្រាប់នរណាអោយដឹងមុនឡើយ ព្រោះវាជាសម្រេចចិត្តរបស់ខ្ញុំ ប៉ុន្តែនៅពេលនេះ អ្វីដែលខ្ញុំចង់បាននោះគឺបន្តជួយក្រុមព័រទុយហ្កាល់តទៀត។ ហើយបើខ្ញុំត្រូវបញ្ចប់អាជីពជាកីឡាករ ខ្ញុំក៏មិនបានគិតអំពីការក្លាយជាគ្រូបង្វឹកសម្រាប់ក្រុមណាមួយឡើយ តែខ្ញុំមើលឃើញរឿងផ្សេងដែលត្រូវធ្វើក្រៅពីវិស័យបាល់ទាត់។”
ការនិយាយបែបនេះបន្ទាប់ពីអ្នកគាំទ្រជាច្រើនបានប៉ាន់ស្មានថា ម្ចាស់ពាន Ballon D’Or ៥សម័យកាលរូបនេះនឹងចូលនិវត្តន៍ពីក្រុមព័រទុយហ្គាល់ បន្ទាប់ពីគេខកខានមិនអាចរកគ្រាប់បាល់បានកាល EURO 2024 និងធ្លាក់ចេញពីនៅត្រឹមវគ្គ៨ក្រុមចុងក្រោយ ក្រោមថ្វីជើងក្រុមបារាំង។
ទោះយ៉ាងណា ក្នុងនាមជាកីឡាករមានអាជីពល្អបំផុតមួយរូបក្នុងវិស័យបាល់ទាត់ Cristiano Ronaldo ជឿជាក់ថាគេនឹងនៅតែអាចលេងបាន ហើយផ្តល់គ្រប់យ៉ាងនៃសមត្ថភាពរបស់គេលើទីលាន ទោះបីជាគ្មានពេលច្រើនទៀតសម្រាប់បាល់ទាត់ក៏ដោយ។
ដោយឡែក Ronaldo នឹងសម្រាកការលេងជាមួយក្លិប Al Nassr ដោយត្រូវធ្វើដំណើរជាមួយក្រុមជម្រើសជាតិព័រទុយហ្កាល់ ទៅកាន់ការប្រកួតពានរង្វាន់ UEFA Nations League ទល់ក្រូអាត នៅថ្ងៃទី៥ ខែកញ្ញា រួចបន្តជួបក្រុមស្កុតឡេន នៅ ៣ថ្ងៃបន្ទាប់ពីនោះ៕