×

ខ្សែប្រយុទ្ធ Harry Kane ទទួលបានស្បែកជើងមាសអឺរ៉ុបជាផ្លូវការ

ខ្សែប្រយុទ្ធ Harry Kane របស់ក្លិប Bayern Munich បានទៅទទួលពានរង្វាន់ស្បែកមាសអឺរ៉ុប European Golden Shoe Award ដែលកម្មវិធីប្រគល់ពានរង្វាន់បានធ្វើឡើងនាទីក្រុង Munich ប្រទេសអាល្លឺម៉ង់។

ពានរង្វាន់ស្បែកជើងមាសអឺរ៉ុប European Golden Shoe Award នេះត្រូវផ្តល់អោយកីឡាករដែលបានស៊ុតបញ្ចូលទីច្រើនជាងគេក្នុងការប្រកួតលីគបាល់ទាត់តំបន់អឺរ៉ុប ក្នុងរដូវកាលមុន។

ជាក់ស្តែង កាលពីរដូវកាល ២០២៣-២៤ កីឡាករអង់គ្លេស បានស៊ុតបញ្ចូលទីរហូតដល់ទៅ៣៦គ្រាប់ពីការបង្ហាញខ្លួន៣២ដងនៅក្របខណ្ឌ Bundesliga ដែលជាការប្រកួតរដូវកាលដំបូងរបស់គេជាមួយ Bayern Munich បន្ទាប់ពីផ្លាស់មកពីក្លិប Tottenham Hotspur។ បើសរុបពីការស៊ុតបញ្ចូលទីគ្រប់កម្មវិធីរបស់ Kane ជាមួយ Bayern Munich វិញ គឺរូបគេស៊ុតបានដល់ទៅ ៤៤គ្រាប់ពីការប្រកួត ៤៥ដង ប៉ុន្តែគួរអោយសោកស្តាយដោយរូបគេមិនអាចជួយក្លិបឈ្នះពានរង្វាន់ណាមួយទេ។

កីឡាករវ័យ ៣១ឆ្នាំ គឺជាកីឡាករអង់គ្លេសដំបូងគេ ដែលបានឈ្នះពានរង្វាន់ស្បែកជើងមាសអឺរ៉ុប European Golden Shoe Award ចាប់តាំងពី Kevin Phillips ក្នុងឆ្នាំ ២០០០ ហើយរូបគេក៏ជាកីឡាករក្លិប Bayern Munich ទី៣ដែលឈ្នះពានរង្វាន់នេះបន្ទាប់ពីខ្សែប្រយុទ្ធ Gerd Muller និង ខ្សែប្រយុទ្ធ Robert Lewandowski ។

សម្រាប់ ការទទួលបានពានរង្វាន់ស្បែកជើងមាសនេះដែរ Kane បានប្រាប់ថា “ការចុះហត្ថលេខាលេងជាមួយ Bayern Munich គឺជាជំហានដ៏ធំមួយក្នុងអាជីពរបស់ខ្ញុំ និងជាការសម្រេចចិត្តដ៏ល្អបំផុតមួយនៃជីវិតជាកីឡាករបាល់ទាត់។”

សូមបញ្ជាក់ថា នេះក៏ជាលើកដំបូងដែរ ដែល Harry Kane បានឈ្នះពានរង្វាន់ស្បែកជើងមាស។ បើនិយាយពី អ្នកឈ្នះពានរង្វាន់ស្បែកជើងមាស European Golden Shoe Award នេះ គឺ អតីតខ្សែប្រយុទ្ធ Barcelona Lionel Messi គឺជាកីឡាករតែមួយគត់ដែលឈ្នះពានរង្វាន់នេះច្រើនជាងគេគឺ៦ ដង ខណៈអតីតខ្សែប្រយុទ្ធ Real Madrid Cristiano Ronaldo ជាកីឡាករទី២ឈ្នះច្រើនជាងគេចំនួន៤ ដង៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង