សារព័ត៌មាន PSG Post នៅបារាំងរាយការណ៍អោយដឹងថា ក្លិបនៅលីគកំពូលអារ៉ាប៊ីសាអូឌីត Al Nassr បានកំពុងតែធ្វើការចរចាជាមួយ ខ្សែការពារ Milan Skriniar របស់ក្លិបបារាំង Paris Saint Germain ដើម្បីធ្វើយ៉ាងណា នាំយករូបគេមករួមក្លិបនៅរដូវក្តៅនេះ។
កីឡាករស្លូវ៉ាគី បានបញ្ជាក់ថា រូបគេនឹងមិនបន្តលេងនៅក្លិប Paris Saint Germain ឡើយដោយមូលហេតុថា រូបគេមិនស្ថិតនៅក្នុងផែនការក្រោមការដឹកនាំរបស់គ្រូបង្វឹកលោក Luis Enrique ឡើយសម្រាប់រដូវកាលថ្មី ២០២៤-២៥។
Paris Saint Germain បានចុះហត្ថលេខានាំយក Milan Skriniar ទើបតែកាលពីរដូវក្តៅឆ្នាំទៅប៉ុណ្ណោះពីក្លិបអ៊ីតាលី Inter Milan តម្លៃ៦០លានអឺរ៉ូ។
យ៉ាងណាក្តី ទម្រង់លេងរបស់កីឡាករវ័យ២៩ឆ្នាំ មិនបានធ្វើអោយទាក់ចិត្តគ្រូបង្វឹកថ្មីនិងអ្នកគាំទ្រខ្លាំងឡើយ ដែលធ្វើអោយរូបគេពិបាកក្នុងការរកកៅអីលេង។ រដូវកាល ២០២៣-២៤កន្លងទៅ Milan Skriniar លេងបាន៣២ប្រកួតគ្រប់កម្មវិធី និង ស៊ុតបញ្ចូលទីបានតែ១គ្រាប់ប៉ុណ្ណោះ។
លោក Luis Enrique បានសម្រេចដាក់កីឡាកររូបនេះអង្គុយកៅអីបម្រុងក្នុងការប្រកួតលីគកំពូលបារាំងសប្តាហ៍កន្លងទៅ ដែលជាការប្រាប់យ៉ាងច្បាស់ថា រូបគេគួរតែស្វែងរកឱកាសលេងជាមួយក្លិបដទៃ។
ដូច្នេះហើយ ក្លិប Al Nassr មានទំនុកចិត្តថាការចរចានេះ នឹងអាចកើតឡើងហើយការផ្ទេរ ក៏អាចទទួលបាជោគជ័យ ខណៈដែលការព្រមព្រៀងគ្នា ជាពាក្យសំដី ក៏ត្រូវបានធ្វើឡើង រួចរាល់ដែរចំពោះលក្ខខណ្ឌទាំងអស់ របស់កីឡាករ។
ក្លិប Al Nassr ក៏បានរៀបចំសំណើជាផ្លូវការទៅកាន់ក្លិប Paris Saint Germain ហើយតម្លៃនៃការផ្ទេរមិនត្រូវបានបញ្ជាក់អោយដឹងនោះទេ ប៉ុន្តែការចរចាមានភាពរលូន និងជិតឈានដល់ដំណាក់កាលចុងក្រោយ។
ប្រសិនបើទទួលជោគជ័យ នោះ Milan Skriniar នឹងចូលរួមជាមួយក្លិប Al Nassr និងលេងជាមួយអតីតកីឡាករកំពូលៗនៅអឺរ៉ុប ដែលមានដូចជា Cristiano Ronaldo, Sadio Mane, Marcelo Brozovic, និង Aymeric Laporte ដែលកំពុងប្រកបអាជីពជាមួយក្លិបនេះ៕