×

លោក Jose Mourinho ចង់បានខ្សែបម្រើ Sofyan Amrabat មកកាន់ Fenerbahce

គ្រូបង្វឹក លោក Jose Mourinho កំពុងជំរុញអោយក្លិបទួរគី Fenerbahce ដែលរូបលោកកំពុងដឹកនាំធ្វើការបំពេញការចុះហត្ថលេខានាំយកខ្សែបម្រើ Sofyan Amrabat របស់ក្លិបអ៊ីតាលី Fiorentina។

កីឡាករម៉ារ៉ុក វ័យ២៨ឆ្នាំ ធ្លាប់ត្រូវបានក្លិបអង់គ្លេស Man UTD ខ្ចីជើង នៅរដូវកាល ២០២៣-២៤ កន្លងទៅនេះ ដោយបានបង្ហាញខ្លួនបានចំនួន៣០ប្រកួតដែរ សម្រាប់ក្លិបបិសាចក្រហម នៅគ្រប់ការប្រកួត។

ការពិតទៅ លោក Mourinho បានជួបជុំជាមួយអតីតកូនក្រុមរបស់ខ្លួនម្នាក់ទៅហើយគឺខ្សែបម្រើប្រេស៊ីល Fred ដែលត្រូវបានរូបលោកទិញយកពីក្លិបអ៊ុយក្រែន Shakhtah Donetsk កាលពីឆ្នាំ២០១៨ ប៉ុន្តែរូបលោកចង់បន្ថែម Sofyan Amrabat ដែលអាចលេងតួនាទីបម្រើការពាររូបនេះម្នាក់ទៀត។

ក្លិប Fenebahce មានបំណងចង់ផ្តល់ប្រាក់ប្រមាណ ២ លានអឺរ៉ូសម្រាប់ក្លិបដែលជាអាណាព្យាបាលរបស់ Amrabat គឺ Fiorentina សម្រាប់ការខ្ចីជើង។ បន្ថែមពីលើនេះ Fenerbahce ក៏និងត្រៀមផ្តល់ជូនប្រាក់តម្លៃខ្លួនប្រមាណ ១២ លានអឺរ៉ូ ជាថ្នូរលើការផ្ទេរជាអចិន្រ្តៃយ៍នាពេលអនាគត ក៏ប៉ុន្តែក្លិបនៅក្របខណ្ឌអ៊ីតាលី Serie A កំពុងពិចារទាមទារតម្លៃខ្លួនខ្ពស់ជាងនេះ។

ជាមួយគ្នានោះ ក្លិប Fenerbahce របស់លោក Jose Mourinho ក៍នឹងត្រូវប្រជែងជាមួយក្លិប អង់គ្លេស Everton រួមទាំងក្លិបអេស្ប៉ាញ Atletico Madrid ដែលបានចាប់អារម្មណ៍លើការផ្ទេរយក Sofyan Amrabat ផងដែរ។

យ៉ាងណាមិញ ខាងសាមីកីឡាករត្រូវបានរាយការណ៍មកថា មានការពេញចិត្តការផ្លាស់ទៅលេងអោយក្លិប Fenerbahce នៅលីគកំពូលទួរគីជាង ដោយបានយល់ព្រមលក្ខខណ្ឌផ្ទាល់ខ្លួនរួចរាល់អស់ហើយ៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង