×

គ្រូ Real Madrid ថាមិនបារម្ភពីទម្រង់លេងរបស់ Kylian Mbappe

លោក Carlo Ancelotti គ្រូបង្វឹក Real Madrid បាននិយាយថា លោកមិនបារម្ភបញ្ហាទម្រង់លេងរបស់ខ្សែប្រយុទ្ធ Kylian Mbappe បើទោះមិនទាន់រកបានគ្រាប់បាល់ នៅក្នុងការប្រកួតក្របខណ្ឌ La Liga រដូវកាលថ្មីក៏ដោយ។

កីឡាករវ័យ ២៥ឆ្នាំ បានចូលរួមជាមួយ Real Madrid ក្នុងនាមជាកីឡាករគ្មានតម្លៃខ្លួន ក្រោយចាកចេញពី Paris Saint Germain កាលពីខែមិថុនា។

Mbappe បានរកគ្រាប់បាល់អោយ Real Madrid នៅក្នុងការបង្ហាញខ្លួនលើកដំបូង ក្នុងពានរង្វាន់ UEFA Super Cup 2024 ដែលឈ្នះ Atalanta ដោយលទ្ធផល ២-០ ប៉ុន្តែឆ្លងកាត់ ៣ប្រកួត បើកឆាកក្របខណ្ឌ La Liga 2024-25 រូបគេនៅមិនទាន់រកបានគ្រាប់បាល់សម្រាប់ក្រុមនៅឡើយ។

ចំពោះបញ្ហានេះ លោក Ancelotti ហាក់មិនបានបង្ហាញក្តីបារម្ភអ្វីឡើយ ហើយថែមទាំងអះអាងទៀតថា Mbappe ពិតជារីករាយក្នុងការចូលរួមជាមួយក្រុម និងចង់រកគ្រាប់បាល់ក្នុងឱកាសបង្ហាញខ្លួនការប្រកួតនាពេលខាងមុខ។

គ្រូបង្វឹកវ័យ ៦៥ ឆ្នាំ បានអោយដឹងថា “គ្រាប់បាល់ចុងក្រោយរបស់ Mbappe នៅគឺថ្ងៃទី១៤ ខែសីហា។ វាថ្មីៗនេះទេ ដូច្នេះយើងគ្មានអ្វីត្រូវបារម្ភឡើយ ។ រូបគេបានបង្ហាញអារម្មណ៍រីករាយខ្លាំងនៅទីនេះ ហើយគេពិតជាចង់រកអោយបានគ្រាប់បាល់នៅការប្រកួតបន្ទាប់មកទៀត។”

លោក Carlo Ancelotti បានអះអាងបន្ថែមថា Mbappe ក៏កំពុងតែសម្របខ្លួនបានយ៉ាងល្អជាមួយនឹងក្រុមថ្មី ហើយគេមានការតាំងចិត្តខ្ពស់ និងចង់ធ្វើអោយបានល្អសម្រាប់ក្រុមថ្មីរបស់គេ។

បច្ចុប្បន្ន Real Madrid បានឆ្លងកាត់ការប្រកួតចំនួន ៣លើកដោយឈ្នះ១ ស្មើ ២ ហើយឈរនៅចំណាត់ថ្នាក់លេខ ៤ មាន ៥ពិន្ទុ ខណៈចំណាត់ថ្នាក់កំពូលតារាងកំពុងកាន់កាប់ដោយ Barcelona មាន ៩ពិន្ទុ៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង