ក្លិបទួរគី Galatasaray បានបញ្ជាក់ពីការនាំយកខ្សែប្រយុទ្ធ Victor Osimhen ពីក្លិបអ៊ីតាលី Napoli ក្នុងនាមជាកីឡាករខ្ចីជើង។ នេះបើតាមការប្រកាសពីក្លិបនៅក្របខណ្ឌ Süper Lig។
កីឡាករនីហ្សេរីយ៉ា គឺជាគោលដៅផ្ទេររបស់ក្លិប Chelsea នៅទីផ្សារដោះដូរកីឡាកររដូវក្តៅកន្លងទៅ ប៉ុន្តែមិនបានសម្រេចនោះទេ។ រូបគេក៏ទទួលបានការចាប់អារម្មណ៍ពីក្លិប Al-Ahli នៅលីគកំពូលអារ៉ាប៊ីសាអូឌីត ផងដែរ ប៉ុន្តែចុងក្រោយសាមីកីឡាករបានសម្រេចជ្រើសរើសយកការផ្លាស់ទៅកាន់ក្លិបនៅលីគកំពូលទួរគីវិញ។
Victor Osimhen បានស៊ុតបញ្ចូលទី ៧៦គ្រាប់ ពីការបង្ហាញខ្លួន ១៣៣ប្រកួត អោយ Napoli និងជាកីឡាករសំខាន់មួយរូបដែលបានជួយក្រុមឈ្នះជើងឯកក្របខណ្ឌ Serie A នៅរដូវកាល ២០២២-២៣ ដោយកាលណោះរូបគេស៊ុតបញ្ចូលទីបានដល់ទៅ២៦គ្រាប់។
កីឡាករវ័យ ២៥ឆ្នាំ នៅមានកិច្ចសន្យាជាមួយ Napoli រហូតដល់ឆ្នាំ ២០២៦ ដោយមានថ្លៃផ្តាច់កុងត្រាដល់ទៅ ១៣០លានអឺរ៉ូ។
យ៉ាងណាមិញ Victor Osimhen បានបរាជ័យក្នុងការរក្សាទម្រង់លេងល្អរបស់ខ្លួន ដោយរដូវកាលកន្លងទៅ រូបគេស៊ុតបញ្ចូលទីបានតែ១៥គ្រាប់ ជាហេតុធ្វើអោយរូបគេមិនអាចធានាកៅអីនៅក្នុងក្រុមបន្តទៀតបាន។
ចុងក្រោយ Napoli សម្រេចអោយ Victor Osimhen ទៅលេងខ្ចីជើងអោយ Galatasaray បន្ទាប់ពីក្រុមដែលដឹកនាំដោយគ្រូបង្វឹកលោក Antonio Conte បានទទួលជោគជ័យក្នុងការនាំយកខ្សែប្រយុទ្ធបែលហ្ស៊ីក Romelu Lukaku ពី Chelsea តម្លៃ ៣០លានផោន កាលពីសប្តាហ៍មុន។
នៅក្នុងសេចក្តីប្រកាសរបស់ក្លិប Galatasaray បានអោយដឹងថា ពួកគេរីករាយជាមួយវត្តមាន របស់ Victor Osimhen នឹងមានក្តីសង្ឃឹមថា ក្រុមនឹងទទួលបានផ្លែផ្កាល្អប្រសើរ។
Galatasaray បច្ចុប្បន្នកំពុងឈរលេខ២ក្នុងតារាងពិន្ទុ ក្របខណ្ឌ Süper Lig ដោយមាន៩ពិន្ទុ ក្រោយឈ្នះទាំង៣ប្រកួតដំបូងរបស់ខ្លួន។ រីឯចំណាត់ថ្នាក់កំពូលតារាងកំពុងកាន់កាប់ដោយ Fenerbahçe ដែលមានលោក José Mourinho ជាគ្រូបង្វឹក មាន១០ពិន្ទុ ក្រោយឆ្លងកាត់៤ប្រកួត៕