ខ្សែការពារ Joshua Kimmich ត្រូវបានតែងតាំងជាប្រធានក្រុមថ្មីនៃក្រុមបាល់ទាត់ជម្រើសជាតិអាល្លឺម៉ង់។ នេះបើតាមការប្រកាសពីគ្រូបង្វឹកក្រុមរហស្សនាមឥន្រ្ទីយ៍ដែក លោក Julian Nagelsmann។
ការតែងតាំងកីឡាករវ័យ២៩ឆ្នាំ មកកាន់តំណែងដឹកនាំក្រុមអាល្លឺម៉ង់សម្រាប់ការប្រកួតលើទីលាននេះ គឺរូបគេទទួលយកបន្តពី ខ្សែបម្រើ Ilkay Gundogan ដែលបានចូលនិវត្តន៍កាលពីពេលកន្លងទៅ។
Ilkay Gundogan វ័យ៣៣ឆ្នាំបានបង្ហាញខ្លួននៅគ្រប់៥ប្រកួតសម្រាប់ក្រុមអាល្លឺម៉ង់ នៅក្នុងព្រឹត្តិការណ៍ UEFA Euro 2024 ហើយការបង្ហាញខ្លួនចុងក្រោយរបស់គេគឺក្នុងការប្រកួតដែលអាល្លឺម៉ង់ចាញ់ក្រុមម្ចាស់ជើងឯកអេស្ប៉ាញនៅវគ្គ៨ក្រុមចុងក្រោយ។ ការចូលនិវត្តន៍របស់ Gundogan គឺបន្ទាប់ពីបង្ហាញខ្លួនបាន៨២ដង ស៊ុតបាន១៩គ្រាប់សម្រាប់ក្រុមជម្រើសជាតិ។ រូបគេគឺជាកីឡាករជើងចាស់ទី៤ដែលចូលនិវត្តន៍ពីក្រុមអាល្លឺម៉ង់បន្ទាប់ពី Manuel Neuer, Toni Kroos និង Thomas Muller។
ក្រោយការចាកចេញរបស់ Gundogan គ្រូបង្វឹកអាល្លឺម៉ង់ លោក Julian Nagelsmann ក៏បានសម្រេចជ្រើសរើសយក Joshua Kimmich មកបន្តតំណែងនេះ។ Joshua Kimmich សមាជិកក្លិប Bayern Munich ដែលបានបង្ហាញខ្លួនអោយក្រុមអាល្លឺម៉ង់ តាំងពីឆ្នាំ២០១៦ បានចូលរួមការប្រកួត ៩១ដង ស៊ុតបាន៦គ្រាប់។ ក្រៅពីការតែងតាំង Joshua Kimmich ជាប្រធានក្រុម លោក Nagelsmann បានតែងតាំង ខ្សែការពារ Antonio Rudiger សមាជិកក្លិប Real Madrid និង ខ្សែប្រយុទ្ធ Kai Havertz សមាជិកក្លិប Arsenal មកជាអនុប្រធានក្រុម។
ជុំវិញរឿងនេះ លោក Julian Nagelsmann បានអោយដឹងថា “កីឡាករជើងចាស់សំខាន់ៗរបស់ក្រុមអាល្លឺម៉ង ចំនួន៤រូបហើយបានចាកចេញ។ ពួកគេបានសាងប្រវត្តិសាស្ត្រដ៏អស្ចារ្យ។ ក្រោយចាកចេញរបស់ពួកគេ ពេលនេះយើងនឹងចាប់ផ្តើមសាងប្រវត្តិសាស្ត្រថ្មី ដោយការតែងតាំងកីឡាករថ្មី មកបន្តតំណែងរបស់ពួកគេ។ យើងសង្ឃឹមថា ក្រុមរបស់យើងនឹងមានភាពជោគជ័យចំពោះការប្រកួតបន្តរបស់យើង។”
សម្រាប់ការឡើងមកជាប្រធានក្រុមជម្រើសជាតិអាល្លឺម៉ង់ថ្មីនេះដែរ Joshua Kimmich នឹងត្រូវដឹកនាំក្រុមសម្រាប់ការប្រកួត UEFA Nations League ដោយពួកគេនឹងត្រូវស្វាគមន៍ក្រុមហុងគ្រី នៅថ្ងៃទី ៧ ខែកញ្ញា រួចបន្តទៅជួបក្រុមហូឡង់នៅថ្ងៃទី ១០ ខែកញ្ញា ខាងមុខ៕