×

ខ្សែប្រយុទ្ធ Cristiano Ronaldo បញ្ជាក់ថា ខ្លួននឹងនៅតែបន្តលេងអោយក្រុមព័រទុយហ្គាល់

ខ្សែប្រយុទ្ធ Cristiano Ronaldo បានបញ្ជាក់ជាថ្មីម្ដងទៀតជុំវិញរឿងអនាគតលេងអោយក្រុមបាល់ទាត់ជម្រើសជាតិព័រទុយហ្គាល់ថា រូបគេនឹងនៅតែបន្តលេងអោយក្រុមនៅពេលដែលការប្រកួតមកដល់។

កីឡាករវ័យ៣៩ឆ្នាំ បច្ចុប្បន្ននេះរកគ្រាប់បាល់បានច្រើនជាងគេបំផុតក្នុងប្រវត្តិសាស្ត្របាល់ទាត់នៃការលេងអោយក្រុមជម្រើសជាតិ ពោលគឺ១៣០គ្រាប់ក្នុងចំណោម២១២ប្រកួត។

Cristiano Ronaldo នឹងមានវត្តមានក្នុងការប្រកួត UEFA Nations League ដែលត្រូវប៉ះក្រុមជម្រើសជាតិក្រូអាត និងស្កុតឡែន បន្ទាប់ពីមានការខកចិត្តរកគ្រាប់បាល់មិនបានកាលពីការលេងក្នុងព្រឹត្តិការណ៍ UEFA Euro 2024 ពេលកន្លងទៅ ។

Ronaldo និងមិត្តរួមជាតិ Pepe ដែលមានវ័យ៤១ឆ្នាំនោះ ជាកីឡាករដែលមានវ័យច្រើនជាងគេក្នុងព្រឹត្តិការណ៍ UEFA Euro 2024 ។ ក្រោយពេលបញ្ចប់យុទ្ធនាការប្រកួតជើងឯកទ្វីបអឺរ៉ុប អតីតកីឡាករព័រទុយហ្គាល់ល្បីឈ្មោះ Jose Fonte បានថា ពួកគេទាំងពីរនាក់បានជួយព័រទុយហ្កាល់ច្រើនណាស់ ប៉ុន្តែពេលខ្លះក៏គួរអោយកីឡាករក្មេងៗចូលមកបង្ហាញសមត្ថភាពដែរ។

យ៉ាងណា ឆ្លើយតបនឹងការលើកឡើងនេះ Cristiano Ronaldo បញ្ជាក់ថា រូបគេនឹងនៅតែជួយក្រុមបញ្ចខែលដដែល ប៉ុន្តែនឹងចាកចេញបើគេមិនអាចជួយក្រុមបាន។

កីឡាករដែលកំពុងប្រកបអាជីពជាមួយក្លិបអារ៉ាប៊ីសាអូឌីត Al-Nassr បានអោយដឹងថា “ពេលវេលាមកដល់ខ្ញុំនឹងបន្តលេង។ វានឹងមិនមែនជាការសម្រេចចិត្តពិបាកអីនោះទេ ដើម្បីធ្វើវា។ ប្រសិនបើខ្ញុំមិនបានរួមចំណែកអ្វីជួយក្រុមបានច្រើនទេ ខ្ញុំនឹងចាកចេញដោយខ្លួនឯង។ ខ្ញុំមិនដែលសម្រេចចិត្តថានឹងចាកចេញពីជម្រើសជាតិរបស់ខ្ញុំនៅពេលនេះទេ។”

សូមបញ្ជាក់ថា ក្រុមបាល់ទាត់ជម្រើសជាតិព័រទុយហ្គាល់ដែលជាក្រុមឈ្នះជើងឯក UEFA Nations League មុនគេនៅឆ្នាំ ២០១៨-១៩ នោះ នឹងចាប់ផ្តើមការប្រកួត UEFA Nations League សម្រាប់រដូវកាលថ្មី ដោយត្រូវស្វាគមន៍ក្រុមក្រូអាតនៅថ្ងៃទី៥ ខែកញ្ញា រួចបន្តស្វាគមន៍ក្រមស្កុតឡេននៅថ្ងៃទី ៨ ខែកញ្ញា ខាងមុខ៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង