ក្រុមបាល់ទាត់ជម្រើសជាតិអេស្ប៉ាញ បានចាប់ផ្តើមបើកការហ្វឹកហាត់ ដើម្បីពង្រឹងសមត្ថភាព ត្រៀមខ្លួនក្នុងយុទ្ធនាការការពារជើងឯកពានរង្វាន់ UEFA Nations League របស់ពួកគេដែលចូលមកដល់ក្នុងពេលឆាប់ៗនេះ។
កីឡាករក្រុមអេស្ប៉ាញ ក្រោមការដឹកនាំរបស់គ្រូបង្វឹកលោក Luis de la Fuente បានមកប្រមូលផ្តុំគ្នានាជម្រុំហ្វឹកហាត់ Las Rozas។ នេះជាការហ្វឹកហាត់សាជាថ្មីរបស់ក្រុមអេស្ប៉ាញ ចាប់តាំងពីពេលដែលពួកគេបានគ្រងជើងឯកពានរង្វាន់ UEFA Euro 2024 និងជាការឈ្នះជាលើកទី៤ក្នុងប្រវត្តិសាស្ត្រ ដោយយកឈ្នះក្រុមអង់គ្លេស តាមរយៈលទ្ធផល ២-១ នៅវគ្គផ្តាច់ព្រ័ត្រ កាលពីថ្ងៃទី១៤ខែកក្កដា នាកីឡដ្ឋាន Olympiastadion ស្ថិតក្នុងទីក្រុងប៊ែកឡាំង ប្រទេសអាល្លឺម៉ង់។
ជោគជ័យជាបន្តបន្ទាប់នេះបានធ្វើអោយក្រុមអេស្ប៉ាញ កាន់តែមានទំនុកចិត្តសម្រាប់ការប្រកួត UEFA Nations League ដែលពួកគេបានឈ្នះកាលពីឆ្នាំ ២០២៣។
ក្នុងការប្រមូលផ្តុំហ្វឹកហាត់របស់កីឡាករក្រុមអេស្ប៉ាញនោះដែរ បានអនុញ្ញាតអោយអ្នកគាំទ្រមកទស្សនាផងដែរ ដោយក្នុងនោះជាពិសេស អ្នកគាំទ្រសុទ្ធតែចង់ឃើញវត្តមានរបស់កីឡាករវ័យក្មេងមានទេពកោសល្យគឺខ្សែបម្រើ Lamine Yamal។
យុវជនវ័យ១៧ឆ្នាំនេះ បានក្លាយជាកីឡាករដែលទទួលបានការចាប់អារម្មណ៍ខ្លាំង ក្រោយបង្ហាញភាពលេចធ្លោនៅក្នុងព្រឹត្តិការណ៍ UEFA Euro 2024 កន្លងទៅ និងបានឈ្នះពានរង្វាន់កីឡាករឆ្នើមវ័យក្មេងប្រចាំព្រឹត្តិការណ៍ផងដែរ។
ដោយឡែក ក្នុងការប្រមូលផ្តុំហ្វឹកហាត់របស់ក្រុមអេស្ប៉ាញនោះដែរ មិនមានវត្តមានរបស់អ្នកចាំទី Unai Simon និង ខ្សែប្រយុទ្ធ Alvaro Morata ដោយសារពួកគេមានរបួសរៀងខ្លួន។ រីឯ ខ្សែបម្រើ Alex Baena និង ខ្សែបម្រើ Fermín López ត្រូវបានអនុញ្ញាតអោយសម្រាក ដោយសារនឿយហត់ពីការប្រកួតដ៏ច្រើនរបស់ពួកគេ គឺការប្រកួតនៅ UEFA Euro 2024 ផង និងការប្រកួតនៅអូឡាំពិកឆ្នាំ២០២៤ នាទីក្រុងប៉ារីសប្រទេសបារាំងផង។
សូមបញ្ជាក់ថា ក្រុមបាល់ទាត់ជម្រើសជាតិអេស្ប៉ាញ មានការប្រកួត UEFA Nations League ចំនួន២ប្រកួតនៅក្នុងខែកញ្ញានេះ គឺការប្រកួតទល់ម្ចាស់ផ្ទះសែប នៅថ្ងៃទី ៥ ខែកញ្ញា មុនបន្តធ្វើដំណើរទៅជួបក្រុមម្ចាស់ផ្ទះស្វីស នៅ៣ថ្ងៃបន្ទាប់ពីនោះ៕