ក្រុមកីឡាករបាល់ទាត់ជម្រើសជាតិអាហ្សង់ទីន បានស្នើសុំអ្នកគាំទ្រខ្លួន កុំអោយប្រព្រឹត្តទង្វើមិនសមរម្យដូចជាស្រែកច្រៀងពាក្យជេរប្រមាថទៅលើក្រុមគូប្រកួត នៅក្នុងជំនួបវគ្គជម្រុះពានរង្វាន់ FIFA World Cup 2026 តំបន់អាមេរិកខាងត្បូង ។
ការស្នើសុំនេះធ្វើឡើងព្រោះក្រុមអាហ្សង់ទីន មិនចង់ទទួលរងការដាក់ពិន័យពីសហព័ន្ធបាល់ទាត់អន្តរជាតិ FIFA ដោយសារបញ្ហាអ្នកគាំទ្ររបស់ខ្លួនឡើយ។
ក្រុមម្ចាស់ជើងឯក FIFA World Cup 2022 ធ្លាប់ជួបបញ្ហាក្រោយពីពេលដែលខ្សែបម្រើ Enzo Fernández បានបង្ហោះវីដេអូបង្ហាញពីមិត្តរួមក្រុមរបស់គេ ស្រែកច្រៀងចម្រៀងបែបរើសអើសពូជសាសន៍ សំដៅទៅលើកីឡាករក្រុមបារាំង ដែលសុទ្ធសឹងតែជាកីឡាករកូនកាត់អាហ្វ្រិក ហើយការច្រៀងនោះធ្វើឡើងក្រោយពេលអាហ្សង់ទីន ឈ្នះក្រុមកូឡុំប៊ី ក្លាយជាម្ចាស់ជើងឯកពានរង្វាន់ Copa America 2024។
ករណីនេះបានធ្វើអោយសហព័ន្ធបាល់ទាត់ពិភពលោក FIFA រួមទាំងក្លិប Chelsea ដែលជាក្លិបអាណាព្យាបាលរបស់ Enzo Fernández បើកការស៊ើបអង្កេត ក្រោយពេលដែលសហព័ន្ធបាល់ទាត់បារាំងបានដាក់ពាក្យប្តឹង ប្រឆាំងទៅនឹងការស្រែកច្រៀងបែបរើសអើងលើក្រុមកីឡាករខ្លួន។
ចាប់តាំងពីមានហេតុការណ៍នោះមក ឃ្លីបវីដេអូជាច្រើន បានបង្ហោះនៅលើបណ្តាញសង្គមដែលវាបានជំរុញអោយអ្នកគាំទ្រអាហ្សង់ទីន នាំគ្នាយកស្រែកច្រៀងជាបន្តបន្ទាប់ ហើយក៏ធ្វើអោយរីករាលដាល ពេញវិស័យបាល់ទាត់នៅប្រទេសអាហ្សង់ទីន។ យ៉ាងណា មកដល់ពេលនេះ ក្រុមអាហ្សង់ទីន បានស្នើសុំអ្នកគាំទ្រខ្លួនកុំអោយប្រើប្រាស់ទង្វើមិនសមរម្យទាំងនោះទៀត។
បើសិនជាមានករណីស្រែកច្រៀងរើសអើងផ្សេងៗ ដូចជាការប្រឆាំងការស្រលាញ់ភេទដូចគ្នា ឬការជេរប្រមាថ កើតឡើងក្នុងការប្រកួតនោះ FIFA នឹងដាក់ពិន័យភ្លាមៗ។
សូមបញ្ជាក់ថា អាហ្សង់ទីន នឹងត្រូវប្រកួតវគ្គជម្រុះពានរង្វាន់ FIFA World Cup 2026 តំបន់អាមេរិកខាងត្បូងចំនួន២ប្រកួតនៅក្នុងខែកញ្ញានេះ ដោយត្រូវស្វាគមន៍ក្រុមឈីលី នៅព្រឹកថ្ងៃទី៦ ខែកញ្ញា រួចបន្តទៅជួបក្រុមកូឡុំប៊ី នៅ៥ថ្ងៃបន្ទាប់ពីនោះ៕