×

Lionel Messi និង Cristiano Ronaldo គ្មានឈ្មោះក្នុងបញ្ជីបឋមឈ្នះពាន Ballon d’Or 2024

ខ្សែប្រយុទ្ធក្រុមជម្រើសជាតិអាហ្សង់ទីន Lionel Messi និង ខ្សែប្រយុទ្ធក្រុមជម្រើសជាតិព័រទុយហ្កាល់ Cristiano Ronaldo មិនមានឈ្មោះក្នុង បញ្ជីបឋមបេក្ខភាព ៣០នាក់ ដើម្បីឈ្នះពាន Ballon d’Or 2024 នោះទេ។ នេះបើតាមការផ្សព្វផ្សាយពីសារពត៌មាន BBC។

វាជាលើកដំបូងចាប់តាំងពីឆ្នាំ២០០៣មក ដែល Messi ម្ចាស់ពានរង្វាន់ Ballon d’Or ៨សម័យកាល និងជាម្ចាស់ Ballon d’Or ឆ្នាំ២០២៣ ព្រមទាំង Cristiano Ronaldo ម្ចាស់ពានរង្វាន់ Ballon d’Or ៥សម័យកាល សុទ្ធតែមិនមានឈ្មោះក្នុងបញ្ជីបឋមបេក្ខភាពឈ្នះពាន Ballon d’Or ឆ្នាំ២០២៤។

រយៈពេល២០ឆ្នាំ បើគិតចាប់ពីឆ្នាំ ២០០៣ រហូតដល់ឆ្នាំ ២០២៣ គេតែងឃើញមានឈ្មោះកីឡាករឆ្នើមទាំងពីរក្នុងបញ្ជី ប៉ុន្តែលើកនេះវាបានបាត់ឈ្មោះពួកគេពីបញ្ជី៣០នាក់ចុងក្រោយ ដែលជាបេក្ខភាពឈ្នះពាន Ballon d’Or ឆ្នាំ២០២៤ ទៅហើយ។

ក្រៅពី Messi និង Ronaldo ហើយ កីឡាករឆ្នើម២រូបទៀតដែលធ្លាប់ឈ្នះពានរង្វាន់ Ballon d’Or នេះដែរគឺ Karim Benzema ដែលឈ្នះពាន Ballon d’Or ឆ្នាំ ២០២២ និង Luka Modric ឈ្នះពានរង្វាន់ Ballon d’Or ឆ្នាំ ២០១៨ ក៏មិនបានជាប់ក្នុងបញ្ជីបឋមដូចគ្នា។

ដោយឡែក កីឡាករចំនួន៦រូប ដែលបានជួយក្រុមអង់គ្លេសឡើងដល់វគ្គផ្តាច់ព្រ័ត្រ UEFA Euro 2024 បានមានឈ្មោះ ក្នុងបញ្ជីបឋមនេះ ដែលរួមមាន Harry Kane, Jude Bellingham, Phil Foden, Declan Rice, Bukayo Saka និង Cole Palmer ។ ខ្សែបម្រើវ័យ១៧ឆ្នាំ Lamine Yamal ដែលជួយក្រុមអេស្ប៉ាញ ឈ្នះជើងឯក UEFA Euro 2024 និងកំពុងទទួលបានការចាប់អារម្មណ៍ខ្លាំងនោះ ក៏មានឈ្មោះ បញ្ជីបឋមបេក្ខភាព ៣០នាក់ ដើម្បីឈ្នះពាន Ballon d’Or 2024 ផងដែរ។

ចំណែកឯ Kobbie Mainoo និង Alejandro Garnacho របស់ក្លិប Man UTD ស្ថិតបញ្ជីប្រជែងពានកីឡាករឆ្នើមវ័យក្មេង Kopa Trophy អ្នកចាំទី Emiliano Martinez របស់ ក្លិប Aston Villa ស្ថិតក្នុងបញ្ជីប្រជែងពានអ្នកចាំទីឆ្នើម Yashin Trophy ហើយលោក Pep Guardiola ជាបេក្ខភាពនាំមុខគេ ឈ្នះពានគ្រូបង្វឹកឆ្នើម។

ការប្រកាសពីអ្នកឈ្នះពានរង្វាន់ទាំងអស់នឹងធ្វើឡើងនៅថ្ងៃទី ២៨ ខែតុលា ខាងមុខនាទីក្រុងប៉ារីសប្រទេសបារាំង៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង