×

ខ្សែការពារ Dani Carvajal ថា នឹងទៅលេងអោយក្លិបនៅអាមេរិក បើសិនមិនអាចលេងអោយ Real Madrid តទៀត

ខ្សែការពារ Dani Carvajal បាននិយាយកាលពីពេលថ្មីៗនេះថា រូបគេនឹងគិតគូរទៅលេងអោយក្លិបនៅក្របខណ្ឌកំពូលអាមេរិក Major League Soccer នៅពេលដែលមិនអាចលេងជាមួយក្លិប Real Madrid តទៅទៀត។

កីឡាករអេស្ប៉ាញ បានបង្ហាញពីចេតនា មិនចង់លេងអោយក្លិបនៅអឺរ៉ុបដទៃ ក្រៅពីក្លិប Real Madrid ឡើយ ហើយបើសិនជាត្រូវផ្លាស់ប្តូរក្លិប រូបគេនឹងទៅលេងនៅទឹកដីអាមេរិក ដែលអាចជាជំហានចុងក្រោយនៃអាជីពរបស់គេ។

ជុំវិញរឿងនេះ Dani Carvajal បាននិយាយថា “ខ្ញុំសង្ឃឹមថានឹងលេងអោយក្លិប Real Madrid ជាច្រើនឆ្នាំទៀត។ ប៉ុន្តែក្រោយចប់ការងារជាមួយ Real Madrid នេះ ក្លិបនៅ Major League Soccer ខ្ញុំនឹងអាចគិតគូរទៅលេង។”

កីឡាករនេះវ័យ៣២ឆ្នាំ បន្តថា “តែនៅពេលណាដែលខ្ញុំគិតថា ខ្ញុំលែងលេងអោយ Real Madrid ខ្ញុំក៏មិនទៅលេងអោយក្លិបណាផ្សេងទៀតដែរនៅអឺរ៉ុបនេះ ព្រោះក្លិបផ្សេងៗក្រៅពី Real Madrid មិនមែនជាអ្វីដែលខ្ញុំចង់បាននោះទេ។”

Dani Carvajal ធ្លាប់បានទៅលេងអោយ Bayer Leverkusen ១រដូវកាលគឺនៅឆ្នាំ ២០១២-១៣ មុនផ្លាស់មកកាន់ Real Madrid ដែលជាក្លិបរូបគេធ្លាប់ហ្វឹកហាត់ជាកីឡាករថ្នាល និង បានលេងក្រុមយុវជនផងដែរ។ លេងអោយក្រុមឈុតធំ Real Madrid តាំងពីឆ្នាំ២០១៣មក Dani Carvajal បានចូលលេងសរុប ៤២១ប្រកួតនិងស៊ុតចូល១៣គ្រាប់។ រូបគេនឹងចប់កុងត្រានៅថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៥ខាងមុខនេះ ក្រោយបានបានតកុងត្រាថ្មីតាំងពីឆ្នាំ២០២១មក។

រយៈពេល១០ឆ្នាំជាងក្នុងការលេងនៅកីឡដ្ឋាន Santiago Bernabéu នេះ Carvajal បានដើរតួយ៉ាងសំខាន់ក្នុងនាមជាខ្សែការពាររបស់ក្រុម ដោយបានរួមចំណែកឈ្នះពានរង្វាន់ជាច្រើនដូចជាពាន La Liga ៤ដង Copa del Rey ២ដង UEFA Champions League ៦ដង UEFA Super Cup ៥ដង និង FIFA Club World Cup ៥ដង៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង