
ខ្សែប្រយុទ្ធ Rafa Mir របស់ក្លិប Valencia នៅលីគកំពូលអេស្ប៉ាញ ត្រូវបានដោះលែងពីការឃុំខ្លួនវិញ ហើយ ក្រោយពីរូបគេបានផ្តល់សក្ខីកម្មពាក់ព័ន្ធនឹងការចោទប្រកាន់ពីបទរំលោភបំពានផ្លូវភេទ។
កីឡាករអេស្ប៉ាញ ត្រូវបានចាប់ខ្លួនដោយប៉ូលីស ដោយចោទប្រកាន់ពីបទរំលោភបំពានផ្លូវភេទ។ អ្នកនាំពាក្យប៉ូលិសបានអោយដឹងថា កីឡាករលេងនៅលីគ La Liga រូបនេះត្រូវបានឃុំខ្លួននៅទីក្រុង Valencia ពីបទរំលោភផ្លូវភេទ លើនារីម្នាក់ ដែលមិនត្រូវបានបង្ហាញឈ្មោះនោះទេ។
ទោះយ៉ាងណា មេធាវីរបស់ Rafa Mir បាននិយាយថា ទំនាក់ទំនងផ្លូវភេទរវាង កីឡាករ និង នារីរូបនោះបានកើតឡើងដោយការព្រមព្រៀង មិនមានការចាប់បង្ខំនោះទេ។
ជុំវិញរឿងនេះក្លិប Valencia បានអោយដឹងនៅក្នុងសេចក្តីថ្លែងការណ៍ថា ក្លិបបានដឹងពីការចាប់ខ្លួន កីឡាករវ័យ២៧ឆ្នាំ ហើយក្លិបនឹងសហការជាមួយនឹងប្រព័ន្ធយុត្តិធម៌។
ឥឡូវនេះ ចៅក្រមនឹងដឹកនាំការស៊ើបអង្កេតលើបណ្តឹងនេះ ដើម្បីកំណត់ថា តើមានភស្តុតាងគ្រប់គ្រាន់សម្រាប់ការចោទប្រកាន់ទៅលើកីឡាករ Rafa Mir ដែលឈានទៅដល់ការកាត់ក្តីពីបទល្មើស ឬប្រសិនបើសំណុំរឿងគួរតែត្រូវបានបិទ។
Rafa Mir នឹងត្រូវបង្ហាញខ្លួននៅក្នុងតុលាការជាទៀងទាត់ ហើយមិនត្រូវបានអនុញ្ញាតអោយចាកចេញពីប្រទេសអេស្ប៉ាញនោះទេ ខណៈដែលការស៊ើបអង្កេតនៅតែបន្តដំណើរការ។
សូមបញ្ជាក់ដែរថា កីឡាករ Rafa Mir កំពុងលេងអោយក្លិប Valencia ជាកីឡាករខ្ចីជើងពីក្លិប Sevilla។ រូបគេក៏ធ្លាប់បានលេងអោយក្លិបនៅអង់គ្លេសផងដែរ ដែលមានក្លិប Wolverhampton Wanderers និង Nottingham Forest៕