ខ្សែប្រយុទ្ធ Victor Osimhen បាននិយាយថា រូបគេមានភាពសប្បាយរីករាយដែលបានក្លាយជាសមាជិករបស់ក្លិប Galatasaray។
ជាការពិត កីឡាករនីហ្សេរីយ៉ា បានបំពេញការផ្ទេរចេញពីក្លិបអ៊ីតាលី Napoli មកចូលរួមជាមួយក្លិបទួរគី Galatasaray ក្នុងនាមជាកីឡាករខ្ចីជើង កាលពីពេលថ្មីៗនេះ។
Victor Osimhen គឺជាគោលដៅផ្ទេររបស់ក្លិប Chelsea នៅទីផ្សារដោះដូរកីឡាកររដូវក្តៅកន្លងទៅ ប៉ុន្តែមិនបានសម្រេចនោះទេ។ រូបគេក៏ទទួលបានការចាប់អារម្មណ៍ពីក្លិប Al-Ahli នៅលីគកំពូលអារ៉ាប៊ីសាអូឌីត ផងដែរ ប៉ុន្តែចុងក្រោយសាមីកីឡាករបានសម្រេចជ្រើសរើសយកការផ្លាស់ទៅកាន់ក្លិបនៅលីគកំពូលទួរគីវិញ។ ក្លិប Galatasaray បានប្រកាសថា ពួកគេនឹងផ្តល់ប្រាក់ឈ្នួលដល់ កីឡាករវ័យ២៥ឆ្នាំ ចំនួន៦លានអឺរ៉ូ សម្រាប់ការប្រកួតរដូវកាល ២០២៤-២៥ នេះ ដោយរូបគេនឹងលេងនៅកីឡដ្ឋាន Rams Park រហូតដល់ដំណាច់ខែមិថុនា ឆ្នាំក្រោយ។
សម្រាប់ការមកចូលរួមជាមួយ Galatasaray នេះដែរ Victor Osimhen បាននិយាយថា រូបគេមានភាពរីករាយដែលបានទទួលឱកាសថ្មីនៅក្នុងអាជីព។
អតីតសមាជិកក្លិប Lille បានថ្លែងដូច្នេះ “នៅពេលដែលខ្ញុំបានឮពីការចាប់អារម្មណ៍ពីក្លិប Galatasaray វាគឺជាការសម្រេចចិត្តដ៏ងាយស្រួលបំផុតក្នុងការមកទីនេះ។ ក្លិបនេះជាគ្រួសារដ៏ធំមួយ ទាំងកីឡាករនិងអ្នកគាំទ្រ។ ហើយនេះជាឱកាសដ៏មានសារៈសំខាន់សម្រាប់ខ្ញុំក្នុងនាមជាកីឡាករបាល់ទាត់។ ឥឡូវនេះខ្ញុំពិតជារំភើបចិត្តណាស់ក្នុងការធ្វើអោយប្រាកដថា ខ្ញុំនឹងលះបង់អស់ពីសមត្ថភាពរបស់ខ្ញុំសម្រាប់អ្នកគាំទ្រ និងសម្រាប់ផលប្រយោជន៍ទូទៅរបស់ក្លិប។ ខ្ញុំពិតជារំភើបសម្រាប់គម្រោងនេះ។”
Victor Osimhen បានស៊ុតបញ្ចូលទី ៧៦គ្រាប់ ពីការបង្ហាញខ្លួន ១៣៣ប្រកួត អោយ Napoli និងជាកីឡាករសំខាន់មួយរូបដែលបានជួយក្រុមឈ្នះជើងឯកក្របខណ្ឌ Serie A នៅរដូវកាល ២០២២-២៣ ដោយកាលណោះរូបគេស៊ុតបញ្ចូលទីបានដល់ទៅ២៦គ្រាប់។ រូបគេនៅមានកិច្ចសន្យាជាមួយ Napoli រហូតដល់ឆ្នាំ ២០២៦ ដោយមានថ្លៃផ្តាច់កុងត្រាដល់ទៅ ១៣០លានអឺរ៉ូ។
យ៉ាងណាមិញ Victor Osimhen បានបរាជ័យក្នុងការរក្សាទម្រង់លេងល្អរបស់ខ្លួន ដោយរដូវកាលកន្លងទៅ រូបគេស៊ុតបញ្ចូលទីបានតែ១៥គ្រាប់ ជាហេតុធ្វើអោយរូបគេមិនអាចធានាកៅអីនៅក្នុងក្រុមបន្តទៀតបាន។ ចុងក្រោយ Napoli សម្រេចអោយ Victor Osimhen ទៅលេងខ្ចីជើងអោយ Galatasaray បន្ទាប់ពីក្រុមដែលដឹកនាំដោយគ្រូបង្វឹកលោក Antonio Conte បានទទួលជោគជ័យក្នុងការនាំយកខ្សែប្រយុទ្ធបែលហ្ស៊ីក Romelu Lukaku ពី Chelsea តម្លៃ ៣០លានផោន កាលពីសប្តាហ៍មុន។
Galatasaray បច្ចុប្បន្នកំពុងឈរលេខ២ក្នុងតារាងពិន្ទុ ក្របខណ្ឌ Süper Lig ដោយមាន៩ពិន្ទុ ក្រោយឈ្នះទាំង៣ប្រកួតដំបូងរបស់ខ្លួន។ រីឯចំណាត់ថ្នាក់កំពូលតារាងកំពុងកាន់កាប់ដោយ Fenerbahçe ដែលមានលោក José Mourinho ជាគ្រូបង្វឹក មាន១០ពិន្ទុ ក្រោយឆ្លងកាត់៤ប្រកួត៕