កីឡាករអូស្ត្រាលី Kaden Groves បានទទួលជ័យជំនះដំណាក់កាលទី ១៧ នៃការប្រណាំងកង់ កម្មវិធី Vuelta a España 2024 ដែលធ្វើឡើងពីតំបន់ Arnuero ទៅកាន់តំបន់ Santander ភាគខាងជើងប្រទេសអេស្ប៉ាញ។
ការប្រកួតរវាងតំបន់ទាំង២ខាងដើមនេះ មានចម្ងាយផ្លូវប្រមាណ ១៤១,៥ គីឡូម៉ែត្រ តែយ៉ាងណា កីឡាករ Kaden Groves នៅតែអាចជិះមកដល់គោលដៅមុនគេ ដោយសមាជិកក្រុម Alpecin–Deceuninck បានចាយពេលអស់ ៣ម៉ោង ៣២នាទី និង១៤វិនាទី។ កីឡាករឆេក Pavel Bittner មកពីក្រុម dsm–firmenich PostNL ទទួលបានចំណាត់ថ្នាក់លេខ២ ហើយកីឡាករបែលហ្ស៊ីក Vito Braet មកពីក្រុម Intermarché–Wanty ទទួលបានចំណាត់ថ្នាក់លេខ៣។
នៅតារាងពេលវេលាសរុប កីឡាករអូស្ត្រាលី Ben O’Connor មកពីក្រុម Decathlon–AG2R La Mondiale នៅតែជាអ្នកឈរកំពូលតារាងឡើយ ដោយប្រើពេលអស់៦៨ម៉ោង ៤១នាទី និង ១៤វិនាទី។
ការប្រកួតដំណាក់កាលទី១៨ នៃកម្មវិធី Vuelta a España 2024 នឹងបន្តធ្វើឡើងនៅថ្ងៃនេះ ចាប់ពីតំបន់ Vitoria-Gasteiz ទៅកាន់តំបន់ Maeztu ប្រទេសអេស្ប៉ាញដដែល មានចម្ងាយផ្លូវប្រមាណ ១៧៩,៥ គីឡូម៉ែត្រ៕