×

កីឡាករជប៉ុន Takamoto Katsuta ធ្វើបានល្អជាងគេការសាកល្បងកម្លាំងម៉ាស៊ីនរថយន្តកម្មវិធី Acropolis Rally Greece

កីឡាករជប៉ុន Takamoto Katsuta ជាអ្នកធ្វើបានល្អជាងគេនៅក្នុងការបើកបរធ្វើតេស្តសាកល្បងកម្លាំងម៉ាស៊ីនរថយន្ត នៅក្នុងការប្រកួតកម្មវិធី Acropolis Rally Greece។

ជាការពិត ការប្រកួតបានធ្វើឡើងនាតំបន់ Lamia កណ្តាលប្រទេសក្រិច ដោយកីឡាករត្រូវធ្វើការប្រជែងគ្នាលើចម្ងាយផ្លូវត្រឹមតែ ៣,៦២ គីឡូម៉ែត្រ ប៉ុណ្ណោះ។

យ៉ាងណា កីឡាករ Takamoto Katsuta ដែលកាន់ចង្កូតអោយក្រុម Toyota Gazoo Racing បានបញ្ចប់ទីព្រ័ត្រ ដោយប្រើពេលត្រឹមតែ ២នាទី ៣៩វិនាទី ចុច១។ កីឡាករអេស្តូនី Ott Tanak កាន់ចង្កូតអោយក្រុម Hyundai Shell Mobis បញ្ចប់ក្នុងចំណាត់ថ្នាក់លេខ២ ប្រើពេលអស់ ២នាទី ៣៩វិនាទី ចុច៧ ហើយកីឡាករអេស្ប៉ាញ Dani Sordo មកពីក្រុម Hyundai Shell Mobis ដូចគ្នា បញ្ចប់ក្នុងចំណាត់ថ្នាក់លេខ៣ ប្រើពេលអស់ ២នាទី៤០វិនាទី ចុច៤។

សម្រាប់ការប្រកួតជាផ្លូវការនឹងធ្វើឡើងចាប់ពីថ្ងៃទី ០៦ ដល់ថ្ងៃទី ៨ ខែកញ្ញា ខាងមុខ ដោយកីឡាករត្រូវធ្វើការប្រជែងគ្នាលើចម្ងាយផ្លូវសរុបប្រមាណ ៣០៦, ៥៣គីឡូម៉ែត្រ នាទីតាំងដដែល។
សូមបញ្ជាក់ថា កម្មវិធី Acropolis Rally Greece គឺជាដំណាក់កាលទី១០ ក្នុងចំណោម១៣ នៃការប្រណាំងរថយន្តពានរង្វាន់ World Rally Championship 2024៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង