×

អត្តពលិករត់ម៉ារ៉ាតុងអូឡាំពិក កីឡាការិនី Rebecca Cheptegei បានស្លាប់បាត់បង់ជីវិតហើយ ក្រោយត្រូវមិត្តប្រុសចាក់សាំងដុតទាំងរស់

អត្តពលិកអូឡាំពិកកីឡារត់ម៉ារ៉ាតុងរបស់ប្រទេសអ៊ូហ្គង់ដា កីឡាការិនី Rebecca Cheptegei បានស្លាប់បាត់បង់ជីវិតហើយ បន្ទាប់ពីត្រូវអតីតមិត្តប្រុសចាក់សាំងដុតទាំងរស់។

នារី វ័យ៣៣ឆ្នាំរូបនេះ ដែលទើបត្រឡប់មកពីការប្រកួតរត់ម៉ារ៉ាតុងនៅកីឡាអូឡាំពិកទីក្រុងប៉ារីសឆ្នាំ ២០២៤ បានរងរបួសរលាកធ្ងន់ធ្ងរដល់ទៅជាង ៧៥ភាគរយនៃដងខ្លួន ក្រោយរងការវាយប្រហារ ។

អាជ្ញាធរនៅភាគពាយព្យប្រទេសកេនយ៉ា ដែលជាកន្លែងកីឡាការិនីរូបនេះរស់នៅ និងហ្វឹកហាត់បានអះអាងថា នាងជួបរឿងអកុសល បន្ទាប់ពីត្រឡប់មកពីព្រះវិហារវិញ ដោយមុនពេលកើតហេតុ រូបនាំ និងអតីតមិត្តប្រុសបានឈ្លោះប្រកែកគ្នាយ៉ាងខ្លាំង។

ការស៊ើបអង្កេតកំពុងដំណើរការយ៉ាងយកចិត្តទុកដាក់បំផុត ហើយបើតាមរបាយការណ៍បានសន្និដ្ឋានថាការវាយប្រហារកើតឡើង ចេញពីជម្លោះទាក់ទងនឹងរឿងដីមួយកន្លែង។

ករណីនេះ កាន់តែបង្កើនភាពព្រួយបារម្ភ ដ្បិតបច្ចុប្បន្ននៅប្រទេសកេនយ៉ា កំពុងកើតមានការប្រើអំពើហិង្សាលើអត្តពលិកស្រី ហើយករណីជាច្រើនបានបណ្តាលអោយស្លាប់បាត់បង់ជីវិត។

លោកវេជ្ជបណ្ឌិត Owen Menach ប្រធានមន្ទីរពេទ្យ Moi Teaching and Referral នៅក្នុងទីក្រុងEldoret ប្រទេសកេនយ៉ា ដែលបានទទួលការព្យាបាលកីឡាការិនីរូបនេះ បានប្រាប់សារព័ត៌មានក្នុងស្រុកថា នាងបានស្លាប់ បន្ទាប់ពីខូចសរីរាង្គទាំងអស់។ អតីតមិត្តប្រុសរបស់ Cheptegei ក៏ត្រូវបានបញ្ជូនទៅមន្ទីរពេទ្យផងដែរ ប៉ុន្តែមានការរលាកមិនសូវធ្ងន់ធ្ងរ។

កីឡាការិនី Cheptegei មកពីតំបន់មួយឆ្លងកាត់ព្រំដែននៅក្នុងប្រទេសអ៊ូហ្គង់ដា ត្រូវបានរាយការណ៍ថាបានទិញដីមួយកន្លែងនៅក្នុងស្រុក Trans Nzoia នៅប្រទេសកេនយ៉ា និងសង់ផ្ទះមួយខ្នង ដើម្បីនៅជិតមជ្ឈមណ្ឌលហ្វឹកហាត់កីឡារបស់ប្រទេសនេះ។

កីឡាការិនី Cheptegei បានបញ្ចប់ក្នុងចំណាត់ថ្នាក់ទី ៤៤ នៅក្នុងការរត់ម៉ារ៉ាតុងនៅកីឡាអូឡាំពិកទីក្រុងប៉ារីស ដែលទើបបញ្ចប់កាលពីពេលថ្មីៗនេះ។ នាងក៏បានឈ្នះមេដាយមាសពីព្រឹត្តិការណ៍ World Mountain and Trail Running Championships នៅខេត្តឈៀងម៉ៃ ប្រទេសថៃ កាលពីឆ្នាំ ២០២២ ផងដែរ៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង