×

គ្រូប្រេស៊ីលព្រមានកូនក្រុមខ្លួន អោយមានការប្រុងប្រយ័ត្ន ពេលប៉ះអេក្វាឌ័រនៅក្នុងវគ្គជម្រុះ FIFA World Cup 2026

គ្រូបង្វឹកក្រុមបាល់ទាត់ជម្រើសប្រេស៊ីល លោក Dorival Júnior បានព្រមានកូនក្រុមរបស់ខ្លួន អោយមានការប្រុងប្រយ័ត្ន និង កុំរំពឹងពីភាពងាយស្រួល ពេលពួកគេត្រូវប៉ះក្រុម ជម្រើសជាតិអេក្វាឌ័រ។

ជាការពិត ក្រុមប្រេស៊ីល ម្ចាស់ជើងឯក FIFA World Cup ៥សម័យ នឹងត្រូវស្វាគមន៍ក្រុមអេក្វាឌ័រ នៅក្នុងវគ្គជម្រុះ FIFA World Cup 2026 តំបន់អាមេរិកខាងត្បូង។ នេះជាការប្រកួតទី៧ រវាងក្រុមទាំង២ ខណៈបច្ចុប្បន្ន ក្រុមប្រេស៊ីល កំពុងឈរលេខ៦ ក្នុងតារាងពិន្ទុ មាន៧ពិន្ទុ ហើយអេក្វាឌ័រឈរលេខ៥ មាន៨ពិន្ទុ។

ក្រុមទាំង២សុទ្ធតែត្រូវការជ័យជំនះដូចគ្នា ដើម្បីធានាបានកៅអីស្វ័យប្រវត្តិ ដោយពួកគេនឹងព្យាយាមបញ្ចេញអស់ពីសមត្ថភាព ក្នុងការប្រកួតរៀងខ្លួន។ ហេតុដូច្នេះហើយ បានជាគ្រូបង្វឹកក្រុមប្រេស៊ីល លោក Dorival Júnior ជឿជាក់ថា ក្រុមគូប្រជែងរបស់ខ្លួន នឹងមានភាពគ្រោះថ្នាក់ ដែលតម្រូវអោយកូនក្រុមរបស់លោកត្រូវតែប្រឹងប្រែងនិងភាពប្រុងប្រយ័ត្នខ្ពស់។

គ្រូបង្វឹកវ័យ៦២ឆ្នាំ បានថ្លែងអោយដឹងមុនការប្រកួតចូលមកដល់ថា “វានឹងមានភាពតានតឹង ហើយគ្រប់គ្នា កុំរំពឹងថា នឹងមានភាពងាយស្រួលអោយសោះ។ ក្រុមអេក្វាឌ័របានបង្ហាញអោយ ឃើញពីភាពខ្លាំងរបស់ពួកគេ កាលពីពានរង្វាន់ Copa America រួចហើយ។ ដូច្នេះ ខ្ញុំសង្ឃឹមថា កូនក្រុមរបស់ខ្ញុំនឹងបានដឹងពីបញ្ហានេះ ហើយអាចឆ្លើយតបបានវិញ។ ខ្ញុំក៏ទន្ទឹងចាំមើលពីការប្រកួតដ៏អស្ចារ្យរបស់ក្រុមយើង ហើយនឹងលទ្ធផលល្អជាងពេលកន្លងមក។”

ដោយឡែក នេះក៏ជាការប្រកួតអន្តរជាតិដំបូង របស់ក្រុមប្រេស៊ីលចាប់តាំងពីពួកគេបានធ្លាក់ចេញពីព្រឹត្តិការណ៍ Copa América 2024 វគ្គ៨ក្រុមចុងក្រោយចុងក្រោយ ដោយចាញ់ក្រុមអ៊ុយរូហ្កាយ ដោយការទាត់បាល់១១ម៉ែត្រ កាត់សេចក្តី ៤-២ ក្រោយស្មើគ្នា ០-០ នៅម៉ោងធម្មតា ៩០នាទី។

សូមបញ្ជាក់ថា ក្រុមជម្រើសជាតិប្រេស៊ីល នឹងបើកទ្វារកីឡដ្ឋាន Couto Pereira ដើម្បីប្រកួតតទល់នឹងក្រុមជម្រើសជាតិអេក្វាឌ័រ វគ្គជម្រុះ FIFA World Cup 2026 តំបន់អាមេរិកខាងត្បូង ដែលនឹងធ្វើឡើងនាព្រឹកស្អែកនេះ។ ក្រោយចប់ការប្រកួតទល់នឹងអេក្វាឌ័រហើយ ក្រុមប្រេស៊ីលនឹងបន្តទៅជួបក្រុមប៉ារ៉ាហ្កាយ នៅ៤ថ្ងៃបន្ទាប់ពីនោះ៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង