គ្រូបង្វឹកក្រុមបាល់ទាត់ជម្រើសជាតិព័រទុយហ្កាល់ លោក Roberto Martínez បានបង្ហាញពីក្តីរំភើបចំពោះ ខ្សែប្រយុទ្ធ Cristiano Ronaldo ដែលបានក្លាយជាបុរសទី១ នៅលើពិភពលោកដែលរកគ្រាប់បាល់បាន៩០០គ្រាប់ក្នុងអាជីព។
ជាការពិត ១គ្រាប់យប់មិញរបស់ Cristiano Ronaldo នៅនាទីទី៣៤ ក្នុងការប្រកួតដែលក្រុមព័រទុយហ្កាល់ ឈ្នះ ក្រុមក្រូអាត នៅក្នុងពានរង្វាន់ UEFA Nations League គឺជាគ្រាប់បាល់ទី៩០០ ក្នុងអាជីពរបស់គេ ហើយវាបានជួយអោយកីឡាករ វ័យ៣៩ឆ្នាំ ជាប់កំណត់ត្រាកីឡាករទី១ក្នុងលោកដែលរកបានគ្រាប់បាល់ច្រើនបំផុតក្នុងអាជីព។
ជំនួបដែលធ្វើឡើងនាកីឡដ្ឋាន Estádio da Luz ស្ថិតនាទីក្រុង Lisbon ក្រុមព័រទុយហ្គាល់ដែលជាម្ចាស់ផ្ទះ បានយកឈ្នះទៅលើក្រូអាត ដោយលទ្ធផល ២-១។ គ្រាប់បាល់របស់ព័រទុយហ្កាល់កើតឡើងនៅនាទី ៧ ដែលស៊ុតបញ្ចូលទីនៅនាទី៧ មុនពេល Ronaldo បានទាត់បាល់ Volleyed យ៉ាងស្អាតនៅនាទីទី៣៤ ដើម្បីជួយព័រទុយហ្គាល់នាំមុខក្រូអាត ២-០។ យ៉ាងណាមិញ ក្រូអាតតាមបាន ១គ្រាប់មកវិញ ដោយការធ្វើអោយចូលទីខ្លួនឯងរបស់ Diogo Dalot នាទីទី៤១។
នៅវគ្គទី២មិនមានគ្រាប់បាល់ត្រូវស៊ុតបញ្ចូលទីជាបន្តទេ ដោយលទ្ធផល ព័រទុយហ្កាល់ ២ ក្រូអាត ១ បន្តដល់ចប់ការប្រកួត។
ជាមួយនឹងភាពជោគជ័យរបស់ក្រុម នេះដែរ បានធ្វើអោយគ្រូបង្វឹក លោក Roberto Martínez មានភាពរីករាយ និងកោតសរសើរការធ្វើបានល្អរបស់កីឡាករគ្រប់រូប ជាពិសេសការបង្កើតកំណត់ត្រារបស់ Cristiano Ronaldo។
គ្រូបង្វឹកវ័យ ៥១ឆ្នាំ បាននិយាយក្រោយចប់ការប្រកួតបែបនេះ “ វាជាឱកាសពិសេសណាស់សម្រាប់ Ronaldo ព្រោះការស៊ុតបញ្ចូលទីបាន៩០០គ្រាប់មិនមែនជារឿងងាយស្រួលនោះទេ។ គេស៊ុតបានដោយសារតែការលះបង់របស់គេចំពោះក្រុមជម្រើសជាតិ និងការហ្វឹកហាត់ដ៏ព្យាយាម។ វាអស្ចារ្យណាស់សម្រាប់ប្រវត្តិសាស្ត្របាល់ទាត់ព័រទុយហ្គាល់ សម្រាប់ Ronaldo និងបាល់ទាត់ពិភពលោក ហើយវាក៏ជាគំរូដ៏ល្អសម្រាប់កីឡាករជំនាន់ក្រោយ។”
សូមបញ្ជាក់ថា វាជាគ្រាប់បាល់ទី១៣១សម្រាប់ក្រុមជម្រើសជាតិព័រទុយហ្គាល់បន្ទាប់ពី Cristiano Ronaldo រកបានគ្រាប់បាល់ដំបូងកាលពី២០ឆ្នាំមុន។ បើគិតទៅ Ronaldo រកបានគ្រាប់បាល់អោយក្លិបដែលបានប្រកបអាជីពជាមួយក្នុងនោះមាន Sporting Lisbon, Man UTD, Real Madrid, Juventus និងក្លិបកំពុងលេងបច្ចុប្បន្ន Al-Nassr នៅអារ៉ាប៊ីសាអ៊ូឌីតផងដែរ៕