×

កីឡាករស្លូវេនី Primož Roglič យកបានតំណែងជើងឯកការប្រណាំងកង់កម្មវិធី Vuelta a España 2024

កីឡាករស្លូវេនី Primož Roglič យកបានតំណែងជើងឯកនៃការប្រណាំងកង់កម្មវិធី Vuelta a España 2024 បន្ទាប់ពីកម្មវិធីនេះបានដំណើរការ រយៈពេល៣សប្តាហ៍កន្លង ដោយឆ្លងកាត់ការប្រកួតចំនួន ២១ដំណាក់កាល មានចម្ងាយផ្លូវប្រមាណ ៣៣០៤ គីឡូម៉ែត្រ។

ជាការពិត ការប្រកួតដំណាក់កាលទី២១ ដែលជាដំណាក់កាលផ្តាច់ព្រ័ត្រ ធ្វើឡើងកាលពីថ្ងៃអាទិត្យ ចាប់ពីតំបន់ Distrito Telefónica ទៅកាន់រដ្ឋធានី Madrid ប្រទេសអេស្ប៉ាញ ដែលមានចម្ងាយផ្លូវប្រមាណ ២៤,៦ គីឡូម៉ែត្រនោះ កីឡាករស្វីស Stefan Küng ជាអ្នកទទួលបានជ័យជំនះ ដោយសមាជិកក្រុម Groupama–FDJ បានចាយពេលអស់ ២៦នាទី និង ២៨វិនាទី។

យ៉ាងណាមិញ កីឡាករ Primož Roglič ដែលឈ្នះតំណែងជើងឯកនៃកម្មវិធីនោះដ្បិតសមាជិកក្រុម Red Bull–Bora–Hansgrohe បានចាយពេលវេលាសរុបនៃកម្មវិធីទាំងមូល អស់ ៨១ម៉ោង ៤៩នាទី និង ១៨វិនាទី។ ចំណែកឯកីឡាករអូស្ត្រាលី Ben O’Connor មកពីក្រុម Decathlon–AG2R La Mondiale ដែលធ្វើបានល្អនាពេលកន្លងមក បានជួបភាពខកចិត្ត ដោយបានចំណាត់ថ្នាក់លេខ២ នៃកម្មវិធី យឺតជាងអ្នកឈ្នះជើងឯក ២នាទីនិង៣៦វិនាទី ហើយចំណាត់ថ្នាក់លេខ៣ បានទៅលើកីឡាករអេស្ប៉ាញ Enric Mas មកពីក្រុម Movistar យឺតជាងអ្នកឈ្នះជើងឯក ៣នាទី និង ១៣វិនាទី។

សូមបញ្ជាក់ថា កម្មវិធី Vuelta a España 2024 គឺជាការដំណើរការលើកទី ៧៩ នៅក្នុងប្រវត្តិសាស្ត្រ ដោយវាជាការប្រណាំងកង់ Grand Tour ទី៣ ចុងក្រោយគេប្រចាំរដូវកាល។ កម្មវិធីនេះ ក៏ជា ទីលានទី២៨ ក្នុងចំណោម ៣៥នៃ ការប្រណាំងកង់ជ្រើសរើសជើងឯកពិភពលោកផ្នែកបុរស UCI World Tour ប្រចាំឆ្នាំ ២០២៤ នេះ។ ការប្រកួតជាបន្តគឺជាកម្មវិធី Grand Prix Cycliste de Québec ធ្វើឡើងនាប្រទេសកាណាដា ថ្ងៃទី ១៣ ខែកញ្ញា ខាងមុខ៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង