ការប្រកួតវាយកូនបាល់កម្រិត Grand Slam កម្មវិធី US Open 2024 បានបញ្ចប់ហើយក្រោយពីដំណើរការរយៈពេល២សប្តាហ៍កន្លងមក នាទីក្រុង New York សហរដ្ឋអាមេរិក។
នៅក្នុងនោះគេក៏បានរកឃើញអ្នកឈ្នះជើងឯកការប្រកួតខាងផ្នែកបុរស គឺកីឡាករដែលកំពុងឈរលេខ១ពិភពលោក មកពីអ៊ីតាលី Jannik Sinner ដោយរូបគេបានយកឈ្នះ កីឡាករម្ចាស់ផ្ទះ Taylor Fritz នៅក្នុងការប្រកួតវគ្គផ្តាច់ព្រ័ត្រ កាលពីថ្ងៃអាទិត្យ តាមរយៈលទ្ធផល 6-3 6-4 និង 7-5។
កីឡាករវ័យ ២៣ ឆ្នាំ បានក្លាយជាជនជាតិអ៊ីតាលីទី១ ដែលឈ្នះពានរង្វាន់ US Open។ វាក៏ជាពានរង្វាន់កម្រិត Grand Slam ទី២ ដែល Jannik Sinner បានឈ្នះនៅក្នុងអាជីព និងបានឈ្នះនៅរដូវកាល២០២៤នេះ បន្ទាប់ពីបានឈ្នះពានរង្វាន់ Australian Open កាលពីខែមករារួចមក។
ជោគជ័យនេះកើតឡើងរយៈពេល១៩ថ្ងៃ ក្រោយពី Jannik Sinner បានទទួលភាពស្អាតស្អំពីការចោទប្រកាន់ ការប្រើប្រាស់សារធាតុប៉ូវកម្លាំងខុសច្បាប់។
ងាកមកកាន់ការប្រកួតខាងផ្នែកនារីវិញ កីឡាការិនីបែលឡារូស Aryna Sabalenka ជាអ្នកទទួលបានជ័យជំនះតំណែងជើងឯក ក្រោយពីយកឈ្នះកីឡាការិនី ម្ចាស់ផ្ទះ Jessica Pegula នៅក្នុងវគ្គផ្តាច់ព្រ័ត្រ ដែរ តាមរយៈលទ្ធផលស្ទួនគ្នា 7-5 និង 7-5។
នេះក៏ជាឈ្នះពានរង្វាន់ US Open ជាលើកដំបូងនៅក្នុងអាជីពរបស់នារី វ័យ២៦ឆ្នាំ និងជាពានរង្វាន់ Grand Slam ទី២ នៅក្នុងរដូវកាល២០២៤ នេះ បន្ទាប់រូបនាងបានឈ្នះពានរង្វាន់ Australian Open កាលពីខែមករា ដូចគ្នា។ វាក៏ជាពានរង្វាន់ កម្រិត Grand Slam ទី៣ នៅក្នុងអាជីពរបស់កីឡាការិនី Aryna Sabalenka ផងដែរ។
សូមបញ្ជាក់ថា កម្មវិធី US Open គឺជាការប្រកួតវាយកូនបាល់កម្រិត Grand Slam ចុងក្រោយគេទី៤ ប្រចាំរដូវកាល ដោយកម្មវិធីនេះ បានដំណើរការចំនួន១៤៤ដងមកហើយ នៅក្នុងប្រវត្តិសាស្ត្រ។ ចំពោះប្រាក់រង្វាន់នៃកម្មវិធីមានប្រមាណ ៧លាន ៥សែន ដុល្លារអាមេរិក៕