អ្នកចាំទី Marc-Andre ter Stegen បាននិយាយថា រូបគេកំពុងមានភាពសប្បាយចិត្តក្នុងការលេងជាមួយក្លិប Barcelona និងចង់រួមរស់ជាមួយក្លិបបន្តទៀត។
កីឡាករអាល្លឺម៉ង’ បានមកចូលរួមជាមួយ ក្លិប Barcelona តាំងពីឆ្នាំ ២០១៤ ដោយផ្ទេរមកពីក្លិប Borussia Mönchengladbach ហើយបើគិតមកទល់ពេលនេះ មានរយៈពេលជាង ១ ទសវត្សហើយ ដែលរូបគេបានលេងអោយក្លិបរហស្សនាមអ្នកមានបុណ្យ។
Marc-Andre ter Stegen បានបង្ហាញខ្លួនសរុបអោយក្លិប Barcelona ចំនួន ៤១៧ និងមានស្ថិតិរក្សាសំណាញ់ទីមិនអោយក្រុមគូប្រកួតស៊ុតចូល Clean Sheet ចំនួន ១៧៤ ដង។ រូបគេនៅ មានកុងត្រារហូតដល់ឆ្នាំ ២០២៨។
នៅពេលត្រូវបានសួរនាំអំពីការលេងជាមួយ ក្លិប Barcelona កីឡាករវ័យ៣២ឆ្នាំបានឆ្លើយតបថា រូបគេពិតជាកំពុងសប្បាយចិត្តជាខ្លាំងជាមួយក្លិប ហើយចង់នៅជាមួយក្លិបបន្តទៀតនាពេលនេះ។
ថ្លែងប្រាប់អំពីអនាគតរបស់ខ្លួននៅក្លិប Barcelona នោះ Ter Stegen បាននិយាយដូច្នេះ “ខ្ញុំពិតជាកំពុងសប្បាយចិត្តជាខ្លាំងជាមួយក្លិប Barcelona ហើយចង់នៅជាមួយក្លិបបន្តទៀត។ អនាគត ខ្ញុំមិនអាចមើលឃើញទេ ប៉ុន្តែនៅពេលនេះ អារម្មណ៍របស់ខ្ញុំកំពុងមានភាពវិជ្ជមានជាខ្លាំងជាមួយក្លិប ហើយកំពុងស្រលាញ់ក្លិប ព្រោះរួមរស់ជាមួយគ្នាជាង ១០ ឆ្នាំមកហើយ។”
ក្រៅពីទទួលបានតួនាទីសំខាន់ជាអ្នកចាំទីដៃទី១របស់ក្លិប Barcelona រយៈពេលជិត ១០ ឆ្នាំមកហើយនោះ Marc-Andre ter Stegen កំពុងឈានចូលទៅវិថីសំខាន់មួយក្នុងបាល់ទាត់ក្រុមជម្រើសជាតិ។ ក្រោយពីអ្នកចាំទីចាស់វស្សាវ័យ ៣៨ ឆ្នាំ Manuel Neuer បានចូលនិវត្តន៍ពីក្រុមជម្រើសជាតិអាល្លឺម៉ង់ទៅ Marc-Andre Ter Stegen ត្រូវបានគ្រូបង្វឹកក្រុមជម្រើសជាតិអាល្លឺម៉ង់លោក Julian Nagelsmann ដំឡើងតួនាទីជាអ្នកចាំទីដៃទីមួយជំនួស Neuer ផងដែរ៕